លោកស្រី Maha Damaj ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា អមដំណើរដោយលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណប្រតិភូអង្គការ UNICEF ចុះទស្សនកិច្ចស្វែងយល់ពីស្ថានភាពរស់នៅ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅ ភូមិតាកឹងបៃតង ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ភូមិតាកឹងបៃតងគឺជាភូមិថ្មីមួយដែលត្រូវបានរៀបចំឡើងសម្រាប់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងតំបន់ក្រហមចំនួន៣ភូមិ រួមមាន ភូមិមរកត (មុំបី) ភូមិអានសេះ និងភូមិបុស្សស្បូវ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Maha Damaj និងគណប្រតិភូ បានចុះពិនិត្យមើលការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅ ប៉ុស្តិ៍សុខភាពតាកឹងបៃតង ដោយបានស្វែងយល់ពីសកម្មភាពការងាររបស់មន្ត្រីសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ថ្មី។
ជាមួយគ្នានេះ គណប្រតិភូ UNICEF ក៏បានបន្តចុះពិនិត្យ សាលារៀននៅក្នុងភូមិតាកឹងបៃតង ដើម្បីស្វែងយល់ពីស្ថានភាពការអប់រំ បរិយាកាសសិក្សា និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្តល់ចំណេះដឹង និងអប់រំដល់សិស្សានុសិស្ស។
តាមរយៈការចុះទស្សនកិច្ចផ្ទាល់ លោកស្រី Maha Damaj បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់មន្ត្រីសុខាភិបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាសុខភាព និងសេវាអប់រំជូនប្រជាពលរដ្ឋ និងកុមារនៅក្នុងភូមិតាកឹងបៃតង។
បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ បន្ទាប់ពីទស្សនកិច្ចនៅប៉ុស្តិ៍សុខភាពតាកឹងបៃតងរួច គណប្រតិភូរបស់អង្គការ UNICEF ដឹកនាំដោយលោកស្រី Maha Damaj បានបន្តដំណើរទៅទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ស្ថិតនៅភូមិជាំក្សាន្ត ឃ៉ំជាំក្សាន្ត ស្រុកជាំក្សាន្ត ដោយលោកស្រីបានថ្លែងកោតសរសើរចំពោះការផ្តល់សេវានៅមន្ទីរពេទ្យបានល្អ ហើយលោកស្រីនិងបន្តសហការជាមួយមន្ទីរសុខាភិបាលខេត្ត ទៅលើវិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហារ។
លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងកុមារ តាមរយៈការពង្រឹងសេវាសុខាភិបាល និងការអប់រំ ជាពិសេសនៅតាមសហគមន៍ថ្មីដែលកំពុងមានការអភិវឌ្ឍ និងត្រូវការសេវាសាធារណៈប្រកបដោយគុណភាព៕

























