ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច


ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច, ការរៀបចំវិធាន និងនីតិវិធីប្រតិបត្តិអធិការកិច្ច និងតាមដានការអនុវត្តច្បាប់, ការរៀបចំវិធាន និងនីតិវិធីប្រតិបត្តិ ដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ, ព្រមទាំងការងារផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងប្រធាន និងតំណាងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទទួលបន្ទុកការងារនីមួយៗ បានរាយការណ៍យ៉ាងលម្អិតជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងបានជជែកពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុលផុស ដើម្បីឱ្យការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តការងារកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងនៅតាមមន្ទីរអធិការកិច្ចរាជធានី ខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច រហូតទទួលបានសមិទ្ធផលជាច្រើន នាពេលកន្លងមក ជាពិសេស លទ្ធផលនៃជំនួបពិភាក្សាការងាររវាងក្រសួងអធិការកិច្ច និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យខ្ពស់នាពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យបន្តជំរុញ និងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តខាងលើឱ្យបានតាមផែនការកំណត់ ការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច ការផ្សព្វផ្សាយសមិទ្ធផលក្រសួងឱ្យបានទូលំទូលាយ ព្រមទាំងណែនាំឱ្យពង្រឹងការអនុវត្តតួនាទីភារកិច្ចនិងការសម្របសម្រួលជាមួយមន្ទីរអធិការកិច្ចរាជធានី ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។