ឯកឧត្តម រិន វីរៈ អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាតម្រង់ទិសលើការរៀបចំបទអន្តរាគមន៍ និងបទបង្ហាញ


ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកចាត់តាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាតម្រង់ទិសលើការរៀបចំបទអន្តរាគមន៍ សម្រាប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ យ.គ.ក. ព្រមទាំងប្រធាន និងតំណាងអង្គការចាត់តាំងយុវជនគណបក្សពាក់ព័ន្ធសរុបប្រមាណ ២០រូប។ គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សា ផ្តល់ជាគំរូទម្រង់ឯកសារ និងដាក់ចេញនូវទិសដៅការងារជាក់លាក់ សម្រាប់ឱ្យអង្គការចាត់តាំងយុវជនគណបក្សទាំង៦ ដែលត្រូវបានជ្រើសរើស យកទៅរៀបចំខ្លឹមសារបទអន្តរាគមន៍របស់ខ្លួន។

​ជាមួយគ្នានេះ អង្គប្រជុំបានឯកភាពគ្នាលើការប្រើប្រាស់គំរូបទអន្តរាគមន៍ជាស្តង់ដារតែមួយ ដែលមាន៦ចំណុចធំៗរួមមាន៖ ១.ស្ថានភាពទូទៅ ២.ការពង្រឹងនិងពង្រីកអង្គការចាត់តាំងយុវជន ៣.ការងារឃោសនាអប់រំ ៤.ការងារអប់រំនយោបាយនិងបណ្តុះបណ្តាល ៥.បញ្ហាប្រឈមនិងសំណូមពរ និង៦.ទិសដៅការងារ។ ការដាក់ចេញនូវគំរូនេះ គឺដើម្បីជាមូលដ្ឋានគ្រឹះ ធានាឱ្យការរៀបចំខ្លឹមសារអន្តរាគមន៍មានភាពស៊ីសង្វាក់គ្នា ដោយតម្រូវឱ្យគ្រប់ផ្នែកត្រូវបញ្ចូលនូវទិន្នន័យជាក់ស្តែង និងរំលេចពីបញ្ហាប្រឈម ដែលបានជួបប្រទះកន្លងមកជាគោល។

​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ស្ថាបនា និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយមានការផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ដែលនេះជាការត្រៀមលក្ខណៈដ៏ល្អប្រសើរ ដើម្បីធានាឱ្យដំណើរការកិច្ចប្រជុំពេញអង្គរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យកម្រិតខ្ពស់។