រដ្ឋបាលខេត្តព្រះវិហារ និងខេត្តសៀមរាប ចុះហត្ថលេខាឯកភាពគ្នាលើការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២


រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ដោយផ្អែកលើស្មារតីសហការ ការយោគយល់គ្នា និងការអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រតិភូ អាជ្ញាធរ មន្ទីរ និងអង្គភាពពាក់ព័ន្ធនៃខេត្តទាំងពីរ។

ការចុះហត្ថលេខានេះ ធ្វើឡើងតាមការអនុវត្តលិខិតលេខ ៣១៩៩ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ប្រាក់ សោភ័ណ បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហការរវាងរដ្ឋបាលខេត្តទាំងពីរ ដែលអាចសម្របសម្រួល និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលបានដោយជោគជ័យ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម បានថ្លែងបញ្ជាក់ថា ខេត្តព្រះវិហារ គឺជាខេត្តទី៤ បន្ទាប់ពីខេត្តកំពង់ធំ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលរដ្ឋបាលខេត្តសៀមរាបបានសហការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលជាមួយបានចប់សព្វគ្រប់។

ជាមួយគ្នានេះ ឯកឧត្តម គីម រិទ្ធី បានថ្លែងលើកឡើងថា ការចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពនៃកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធរវាងរដ្ឋបាលខេត្តព្រះវិហារ និងខេត្តសៀមរាប ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៃខេត្តទាំងពីរ បន្តពង្រឹងកិច្ចសហការនៅតាមតំបន់ព្រំប្រទល់ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការទំនាក់ទំនងទៅវិញទៅមកឱ្យបានទាន់ពេលវេលា ដើម្បីបង្ការនិងទប់ស្កាត់សកម្មភាពខុសច្បាប់ ដូចជាការឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ និងការដឹកជញ្ជូនដោយគ្មានការអនុញ្ញាត។

ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលខេត្តទាំងពីរ បន្តថែរក្សាទំនាក់ទំនងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍនៅតាមតំបន់ព្រំប្រទល់៕