(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សា អាហារថ្ងៃត្រង់ការងារជាមួយឯកឧត្តម ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា។
ជំនួបពិសារអាហារថ្ងៃត្រង់ការងារនេះ រៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និង វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ដោយបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើកាលានុវត្តភាពធុរកិច្ច សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងការពង្រឹងភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាពិសេស ស្របពេលដែលប្រទេសសិង្ហបុរីនឹងត្រូវទទួលបន្ទុកធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២៧ (ASEAN Chairmanship 2027) ជំនួបនេះបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការកសាងកិច្ចសហការកាន់តែជិតស្និទ្ធរវាងវិស័យឯកជនដើម្បីត្រៀមខ្លួនចាប់យក កាលានុវត្តភាពថ្មីៗ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចក្នុងតំបន់។
បន្ថែមពីលើនេះ ភាគីទាំងពីរបានលើកយកបញ្ហាជាយុទ្ធសាស្ត្ររួមរបស់តំបន់អាស៊ានមកពិភាក្សា និងផ្លាស់ប្តូរទស្សនៈយ៉ាងផុសផុល ដោយផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគពី សិង្ហបុរីមកកម្ពុជា លើវិស័យសក្តានុពលនានា ជាពិសេស ១) បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) សំដៅលើកកម្ពស់សន្តិសុខថាមពល និងជំរុញការតភ្ជាប់ថាមពលស្អាតក្នុងតំបន់ និង ២) សន្តិសុខស្បៀង (Food Security)៖ ក្នុងគោលដៅពង្រឹងភាពធន់ និងធានានូវស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជាតិ អាស៊ានទាំងមូល៕






