រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក


(ភ្នំពេញ)៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។

គិតត្រឹមខែសីហា ឆ្នាំ២០២៦ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋគោលដៅ រួមមាន៖

*ឧបត្ថម្ភសាច់ប្រាក់ ប្រចាំខែ ជូនគ្រួសារក្រីក្រ ចំនួន ៧៩១ ៣៣៩គ្រួសារ
*ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ២៤៦ ៧៦៣នាក់
*ឧបត្ថម្ភសាច់ប្រាក់ ប្រចាំខែ ជូនសិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ចំនួន ៤២៩ ៣៦៤នាក់
*ឧបត្ថម្ភសាច់ប្រាក់ ប្រចាំខែ ជូនជនមានពិការភាព ចំនួន ៦៨ ៦៩៣នាក់
*ឧបត្ថម្ភសាច់ប្រាក់ ប្រចាំខែ ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) ចំនួន ៤៣៤ ៥២១នាក់
*ឧបត្ថម្ភសាច់ប្រាក់ ប្រចាំខែ ជូនសមាជិកគ្រួសារក្រីក្រដែលផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន ៧ ០៤៩នាក់។

រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១ ២២៦ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៣០៦លានដុល្លារអាម៉េរិក សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមកនេះ៕