(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ក្រោមគម្រោងហិរញ្ញប្បទានផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ
ហ៊ុន សែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ទីរពេទ្យហ្លួងម៉ែ» គឺជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈ ការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាជាធ្លុងមួយ ជួសជុល កែលម្អ និងសាងសង់ «មន្ទីរពេទ្យហ្លួងម៉ែ» ចប់សព្វគ្រប់ ប្រកបដោយគុណភាព, សោភ័ណភាព និងស័ក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក។
* ជាមួយនឹងដំណើរមកកាន់ «មន្ទីរពេទ្យហ្លួងម៉ែ» ជាថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញ ពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានរាតត្បាតនៅកម្ពុជា និងលើពិភពលោកនាកំលុងឆ្នាំ២០២០ ២០២១។ ជាពិសេសការរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំដោយផ្ទាល់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញថា កាលពី៥ឆ្នាំមុន នៅជុំវិញមន្ទីរពេទ្យហ្លួងម៉ែ ដីនៅទំនេរច្រើន តែបច្ចុប្បន្នមានអគារលំនៅឋានជាច្រើនលេចចេញជារូបរាង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការរាតត្បាតជំងឺកូវីដ១៩ ជាគ្រោះមហន្តរាយមួយ ដែលថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋកម្ពុជា បានរួមគ្នាប្រយុទ្ធប្រឆាំងរហូតទទួលបានជោគជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ដំណាក់កាលទាំងអស់ មិនថាខ្មៅងងឹតយ៉ាងណាទេ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រឹងប្រែងអស់លទ្ធភាព ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ និងបំពាក់ឧបករណ៍ព្យាបាលទំនើបៗនៅមន្ទីរពេទ្យហ្លួងម៉ែ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសជំងឺមហារីក ដែលជាប្រភេទជំងឺចំណាយខ្ពស់សម្រាប់ការព្យាបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទានព្រះរាជទ្រព្យជាថវិកាចំនួន ៤លើក ស្មើ៦០ម៉ឺនដុល្លារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការមន្ទីរពេទ្យហ្លួងម៉ែ រហូតមកដល់ពេលនេះមានរយៈពេលពីរឆ្នាំគត់ ជាមួយការផ្តល់សេវាប្រកបដោយស័ក្តិសិទ្ធភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាការដ្ឋានអាទិភាពទី១ ដោយបន្តលើកកម្ពស់វិស័យសុខាភិបាល និងកែលម្អប្រព័ន្ធសុខភាពសាធារណៈ តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ឱ្យកាន់តែខិតជិតដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ, ការកែលម្អបរិក្ខារឯកទេស ឱ្យកាន់តែទំនើប និង ទាន់សម័យ, ការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និង សីលធម៌វិជ្ជាជីវៈ, និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានសមធម៌ និងចីរភាព, ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាពរបស់ប្រទេសជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយចាំបាច់នានា, រួមមាន «ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤» និង «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មានមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ត្រូវបានពង្រឹងគុណភាពសេវា ដើម្បីសង្គ្រោះបឋម។ ដើម្បីពង្រឹងគុណភាពសេវាសង្គ្រោះបឋមនៅមន្ទីរពេទ្យបង្អែកស្រុកនេះ សម្តេចបានទម្លាក់ថវិកា ១៨លានដុល្លារ។ សម្តេចមហាបវរធិបតី បានថ្លែងថា ការវះកាត់សង្គ្រោះបឋម មានសារៈសំខាន់ខ្លាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ត្រូវបានយកចិត្តទុកដាក់ពង្រឹងគុណភាពថ្នាំ ហើយដំឡើងបរិមាណថ្នាំដល់ ១៥ថ្ងៃ ទៅ ៣០ថ្ងៃ។ ពីមុនទទួលបានបរិមាណថ្នាំតែ ៥ថ្ងៃ ទៅ៧ថ្ងៃប៉ុណ្ណោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នមានមណ្ឌលសុខភាព ៥៤០កន្លែង និងពេទ្យបង្អែក ១៤កន្លែង មានលទ្ធភាពធ្វើតេស្តមហារីកមាត់ស្បូន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានពង្រឹងក្រមប្រតិបត្តិក្នុងវិស័យពេទ្យឯកជន ដោយដាក់ចេញក្រឹត្យក្រមច្បាស់លាស់។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ក្នុងវិស័យសុខាភិបាលក្រឹត្យក្រមត្រូវតែតឹងរឹង ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា ពេលថ្មីៗនេះ មានក្រុមហ៊ុនមកពីបរទេសមួយ មានបំណងវិនិយោគផ្តល់សេវា និងបំពាក់ឧបករណ៍ព្យាបាលជំងឺមហារីកនៅក្នុងពេទ្យរដ្ឋ ដោយប្រើបុគ្គលិករបស់រដ្ឋ ដោយបែងចែកផលលាភគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង ស្ថាប័ននានា ផ្សព្វផ្សាយលទ្ធផលការងារដែលសម្រេចបាន និងការងារដែលមិនទាន់បានសម្រេច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី
កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ជាពិសេសមន្ទីរសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសសាលារៀនជំរុញការផ្សព្វផ្សាយអប់រំ ដើម្បីពន្យល់អំពីវិធីបង្ការឬ វិធីជៀសវាង, ទាំងការបរិភោគ និង សកម្មភាព, ដែលអាចបង្កើនហានិភ័យកើតជំងឺមហារីក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការចាក់ថ្នាំ និងវ៉ាក់សាំងបង្ការជំងឺមហារីក។ សម្តេច គាំទ្រដល់ក្រសួងសុខាភិបាល ចំពោះការបើកយុទ្ធនាការអប់រំ និងចាក់ថ្នាំបង្ការមហារីកមាត់ស្បូន ជាពិសេសដល់ស្ត្រី និងកុមារី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំ និង ព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈ តាមរយៈការសិក្សារៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ បុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និង ខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាលផ្នែកព្យាបាលជំងឺមហារីក ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយរក្សាកាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាំងដែនទឹក និងគោក រាជរដ្ឋាភិបាលគិតគូរជានិច្ច មិនមានមួយវិនាទីណាទុកចោលនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិនិត្យឡើងវិញ រឿងកាស៊ីណូនៅកម្ពុជា។ ក្នុងនោះមានការកែសម្រួលគម្រោងកាស៊ីណូ ត្រូវមានទុនវិនិយោគចាប់ពី ១០០លានដុល្លារឡើងទៅ មិនមែនផ្ទះល្វែងមួយ ក៏បើកកាស៊ីណូបានដែរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តសៀមរាប មិនអនុញ្ញាតឱ្យមានការវិនិយោគលើកាស៊ីណូនោះឡើយ។
* នៅថ្ងៃទី២៣-២៤ ខែកញ្ញា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើសស្កេម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការធ្វើម្ចាស់ផ្ទះសន្និសីទនេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ប្រែពីប្រទេសរងការវាយប្រហារដូចជាបាវសាក់ ទៅជាកន្លែងជាជជែកលើការបង្ក្រាបស្កេម។



















































