ពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវសមាជិការដ្ឋសភានិងជាអនុប្រធានសមាគម, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោកជំទាវប្រធានកិត្តិយសសាខាសាមាគម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, លោកជំទាវ លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំនិងសមាជិកាថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

 

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសុន្ទរកថាស្វាគមន៍ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបានជម្រាបជូនថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ គឺជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយនិងកម្មវិធីរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនបន្ថែមអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកប​ដោយបរិយាបន្ន សមធម៌ និង​ចីរភាព តាមរយៈការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានកម្មវិធីអាទិភាពចំនួន ៥។ ទន្ទឹមនោះដែរ ក្រសួងបាន​យកចិត្តទុកដាក់​​ក្នុងការ​ងារ​លើកកម្ពស់សិទ្ធិ​​​ស្រ្តី ដោយ​បង្កើនចំនួនមន្រ្តីរាជ​ការ​ជាស្រ្តីឱ្យ​​ទទួលបាន​មុខងារ​ និងតួនាទីធ្វើសេចក្តីសម្រេចចិត្ត​​នៅ​គ្រប់​រចនាសម្ព័ន្ធគ្រប់គ្រងតាមអង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

 

បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ដ្រីរួចមក លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការនិងជាប្រធានប្រតិបត្តិសាខាសមាគម បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍​ជន​ប​ទ​ ​ដោ​យបា​ន​ប​ង្ហា​ញនូវការសមិទ្ធផលជាច្រើន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ទាំងនៅក្នុងការងារក្រសួងអភិវឌ្ឍន៍ជនបទ និងការងារសប្បុរសធម៌នានា។ បន្ទាប់មក លោកជំទាវ សាន្ដ អរុណ សមាជិករដ្ឋសភា និងជាអនុប្រធានសមាគម បានអានសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានសមាសភាពសរុបចំនួន ៧៩រូប ក្នុងនោះថ្នាក់កិត្តិយសមានចំនួន ២២រូប និងថ្នាក់ប្រតិបត្តិមានចំនួន ៥៧រូប។ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រគល់សេចក្ដីសម្រេចជូន លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគម និងប្រគល់ត្រា ជូនលោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានសាខាសមាគម។ អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងការកោតសរសើរចំពោះ លោកជំទាវ និងបងប្អូននារីទាំងអស់ដែលត្រូវបានផ្តល់សេចក្តីទុកចិត្ត គាំទ្រ និងតែងតាំងបំពេញបន្ថែម ក្នុងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទនា។ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបុរេសកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងផ្តល់តម្លៃជាយុទ្ធសាស្ត្រថា “ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ក្នុងបរិបទនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់លាស់នូវការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាច និងការបង្កើនតួនាទីស្នូលរបស់ស្ត្រី ទាំងនៅក្នុងរចនាសម្ព័ន្ធស្ថាប័នរដ្ឋ និងក្នុងប្រព័ន្ធអេកូឡូស៊ី នៃវិស័យឯកជន ជាកាតាលីករ និងជាអាទិភាពគន្លឹះមិនអាចខ្វះបាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។ មុននឹងបញ្ចប់ សម្ដេច បានផ្ដល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ជូនដល់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យប​ន្ដពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹង​មាំ​ ដើ​​ម្បី​ជំ​រុ​ញ​ឱ្យ​កា​រ​អ​នុវត្តតួនាទីនិងភារកិច្ចរបស់សាខាសមាគម កាន់សម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត។ ជាកិច្ចបញ្ចប់ ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ បានជូនបាច់ផ្កានិងវត្ថុអនុស្សាវរីយ៍ចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ប្រធានសមាគម និងលោកជំទាវអនុប្រធានសមាគម ព្រមទាំងជូនបាច់ផ្កាដល់លោកជំទាវប្រធានគិត្តិយសសាខាសមាគម ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕