ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភានៃប្រទេសជប៉ុន ចុះពិនិត្យ និងសិក្សាស្វែងយល់គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ


នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភានៃប្រទេសជប៉ុន ចុះពិនិត្យ និងសិក្សាស្វែងយល់អនុគម្រោងកណ្តាលស្ទឹង-បាទីនៃគម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមជម្រាបថា គណៈប្រតិភូសមាជិកព្រឹទ្ធសភាជប៉ុនដែលអញ្ជើញចុះពិនិត្យ និងសិក្សាស្វែងយល់ដោយផ្ទាល់ សមិទ្ធផលក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន(Japan ODA)លើវិស័យធនធានទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ នាពេលនេះ ដឹកនាំដោយ ឯកឧត្តម Higashino Hideki ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់គណៈប្រតិភូថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលគ្របដណ្តប់លើភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ជាគម្រោងអាទិភាពដ៏សំខាន់មួយក្នុងការកែលម្អផលិតភាពកសិកម្ម ការកាត់បន្ថយការខូចខាតដោយសារទឹកជំនន់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានពីប្រទេសជប៉ុនមានបីដំណាក់កាលដែលមានទឹកប្រាក់ប្រមាណ ២៣៨,២០ លានដុល្លារអាមេរិក ដើម្បីសាងសង់ និងជួសជុលសំណង់ក្បាលហុងទឹក ប្រឡាយមេ ប្រឡាយថ្នាក់ទី២ ប្រឡាយថ្នាក់ទី៣ សំណង់ស្ទាក់ទឹកពាក់ព័ន្ធនានា ការស្តារ និងពង្រឹងកំណាត់ស្ទឹងតូច ព្រមទាំងការបង្កើតនិងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងការពង្រឹងសេវាផ្សព្វផ្សាយកសិកម្មជូនប្រជាកសិករនៅក្នុងតំបន់គម្រោង។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមអនុវត្តនៅខែតុលា ឆ្នាំ២០១៤ និងគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០៣០ មានពីរអនុគម្រោងគឺ ១)អនុគម្រោងរលាំងជ្រៃ និង២)អនុគម្រោងកណ្តាលស្ទឹង-បាទី។ គម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីរដូវវស្សាប្រមាណ ១៩ ១១១ ហិកតា និងរដូវប្រាំងប្រមាណ ១៩០០ ហិកតា៕