សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមក្រសួង ស្ថាប័នរដ្ឋ អនុញ្ញាតឲ្យវិស័យឯកជនទៅបង្កើតសេវានៅទីតាំងរបស់រដ្ឋ ដែលផ្ដល់សេវាកម្មដូចគ្នាដាច់ខាត


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់នូវការណែនាំដោយបញ្ជាក់អំពីការហាមដាច់ខាត ក្នុងការអនុញ្ញាតឲ្យវិស័យឯកជន ចូលទៅផ្ដល់សេវានៅក្នុងក្រសួង ឬស្ថាប័នរដ្ឋទាំងអស់ ដែលក្រសួង ស្ថាប័នរដ្ឋនោះក៏មានផ្ដល់សេវាដូចគ្នានេះដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា មន្ទីរពេទ្យរបស់រដ្ឋ បុគ្គលិករបស់រដ្ឋដែលបម្រើការងារក្នុងការម៉ោងធ្វើការរបស់រដ្ឋ គឺត្រូវតែផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ មិនអាចឲ្យវិស័យឯកជនមកយកបុគ្គលិក ឬទីតាំងរបស់រដ្ឋទៅផ្ដល់សេវា ដែលកន្លែងរដ្ឋមានដូចគ្នាដាច់ខាត។

ការចេញមកបញ្ជាក់ជាសាធារណៈរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីសប្ដាហ៍កន្លងទៅ សម្ដេចបានបដិសេធសំណើមួយរបស់វិស័យឯកជន ដែលចង់រួមចំណែកក្នុងមន្ទីរពេទ្យរបស់រដ្ឋ ដោយវិនិយោគសាងសង់អគារថ្មីបន្ថែម និងបំពាក់ឧបករណ៍បរិក្ខារព្យាបាលជំងឺ ហើយចែកភាគលាភជាមួយរដ្ឋក្រោមគម្រោង BOT (Build Operate Transfer) និងអាចយកបុគ្គលិករបស់រដ្ឋទៅបម្រើការងារផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លែងរដ្ឋ គឺជាកន្លែងដែលរដ្ឋ​គ្រប់គ្រង១០០ភាគរយ ព្រោះកន្លែងរដ្ឋជាកន្លែងដែលត្រូវអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ជាការទទួលខុសត្រូវរបស់រដ្ឋ។ រូបមន្ដនេះទាំងវិស័យសុខាភិបាល វិស័យអប់រំ ឬវិស័យណាក៏ដោយ អ៊ីចឹងសូមអ្នកវិនិយោគជាតិ អន្ដរជាតិដែលចាប់អារម្មណ៍រូបមន្ដនេះដោយយកទីតាំងរបស់រដ្ឋ ដើម្បីធ្វើការវិនិយោគបង្កើតសេវាឯកជនគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ឬសហការកម្រិតណាដោយក្រុមហ៊ុនឯកជន គឺសូមកុំគិតដូច្នេះយើងបដិសេធមិនឲ្យទេ»

ជាមួយនឹងការបដិសេធសំណើនេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឲ្យវិស័យឯកជន ចាប់ដៃជាមួយរដ្ឋ ទៅវិនិយោគការផ្ដល់សេវានៅទីតាំងផ្សេងៗ ដែលមិនស្ថិតនៅក្នុងទីតាំងរបស់រដ្ឋ ព្រោះជាការចូលរួមចំណែករំលែកជាមួយរដ្ឋក្នុងការផ្ដល់សេវាទៅកាន់ប្រជាពលរដ្ឋ។ សម្ដេចបញ្ជាក់ថា កន្លងមកមិនថាវិស័យសុខាភិបាល វិស័យអប់រំ ឬវិស័យផ្សេងៗទៀតនោះ គឺរដ្ឋតែងបង្កលក្ខណៈឲ្យវិស័យឯកជនវិនិយោគ តែមិនអនុញ្ញាតឲ្យមកដណ្ដើមកន្លែងរបស់រដ្ឋនោះឡើយ៕

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្រាប់វិស័យសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពង្រីកសមត្ថភាពបន្ថែមទៀត និងអនុវត្តតាមគោលយោបាយរបស់រដ្ឋ មិនអាចឲ្យវិស័យឯកជនមកលូកដៃនៅក្នុងទីតាំងរបស់ស្ថាប័នរដ្ឋបានដាច់ខាត៕