រដ្ឋសភាកំណត់ថ្ងៃ២១កញ្ញាបើកសម័យប្រជុំពេញអង្គដើម្បីសម្រេចសុពលភាព ឯកឧត្តម សុខ ផេង តំណាងរាស្ត្រថ្មី ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា​ និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤


(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ព្រមទាំងបានកំណត់កាលបរិច្ឆេទបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពិភាក្សា អនុម័ត និងសម្រេចសុពលភាពនៃអាណត្តិតំណាងរាស្ត្រថ្មី។

ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ​ អង្គប្រជុំបានអនុម័តយល់ព្រមលើសំ ណើសុំប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា គឺ ឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួល មរណភាព ដើម្បីដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការសម្រេចអំពីសុពលភាពនៃអាណត្តិ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៧ ផងដែរ រួមមាន៖

– សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

– សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរកម្មសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

– សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។

– សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក ដើម្បីដំណើរការពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗទាំងនេះជាផ្លូវការផងដែរ៕