(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ជួយកាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកវិញនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការបង្កើតការងារដែលទាមទារជំនាញ និងបច្ចេកទេសខ្ពស់, ញ៉ាំងឱ្យតម្លៃពលកម្ម កាន់តែសមរម្យជាងវិស័យឧស្សាហកម្មអតិពលកម្ម, ដោយផ្ដល់ឱកាសដល់យុវជនកម្ពុជា ជាពិសេសយុវជននៅតាមមូលដ្ឋាន ចូលរួមក្នុងឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាខ្ពស់ ជំរុញការផ្ទេរចំណេះធ្វើ និងបច្ចេកវិទ្យាជាបណ្តើរៗ ពីអ្នកជំនាញបរទេសដល់អ្នកជំនាញ និងប្រជាពលករកម្ពុជា។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតីអញ្ជើញចូលរួម ការដាក់សម្ពោធឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា បានជួយកាត់បន្ថយការនាំចូលរថយន្ដ សម្រេច, ជំនួសមកនូវការផលិត និងផ្គុំ ដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។ ប្រសិនបើយើងនាំចូលយើងបង់លុយ លុយទាំងនោះបានហូរចេញទៅក្រៅប្រទេស តែបើយើងតម្លើងក្នុងស្រុក ថវិកាមួយផ្នែកបានចូលទៅប្រាក់បៀរវត្សរបស់បុគ្គលិកនៅកម្ពុជាយើង»។
សម្ដេចមហាបវរធិបតី បានថ្លែងបញ្ជាក់ថា «កន្លងមកខ្ញុំធ្លាប់បានលើកឡើងថា ពីមុនសូម្បីតែទឹកក្រូច១កំប៉ុង ក៏យើងបាននាំចូលពី ក្រៅប្រទេសដែរចន្លោះឆ្នាំ៩០ជាង កម្ពុជាមិនមានរោងចក្រផលិតក្នុងស្រុកទេ ប៉ុន្ដែឥឡូវយើងមានរោងចក្រផលិតសម្លៀកបំពាក់នាំចេញ, ផលិតផលកសិកម្ម, កសិឧស្សាហកម្ម, គ្រឿងហូបចុក និងឈានដល់គ្រឿងបង្គុំ អេឡិចត្រូនិចជាដើម» ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពីមុនយើងនាំចូលរថយន្ដប៉ុន្ដែឥឡូវនេះ យើងអាចបង្គុំរថយន្ដក្នុងស្រុកបាន ដែលអាចលក់ឲ្យប្រជាជនក្នុងស្រុកបាន។ ទោះបីជាយើងមិនទាន់ផលិតបានដោយខ្លួនបាន១០០ភាគរយក្ដី ប៉ុន្ដែបង្គុំបានក្នុងស្រុក ដោយស្នើរដៃកូនខ្មែរ នេះចាត់ទុកជាមោទនភាពមួយ ព្រោះនេះមិនមែនជាការធ្វើរទេះសេះទេ ប៉ុន្ដែជាការបង្គុំធ្វើរថយន្ដ ជាការពិតមានបណ្ដាប្រទេសជាច្រើនបានធ្វើ ប៉ុន្ដែសម្រាប់កម្ពុជានេះជាមោទនភាព ខណៈដែលពីមុនយើងធ្វើមិនបាន ប៉ុន្ដែពេលនេះយើងធ្វើបាន នេះជាផលិតផលតូចតាចតែបង្ហាញពីការដើរទៅមុខ។
សម្ដេចមហាបវរធិបតី បានថ្លែងបញ្ជាក់ថា នេះជាការជួយ ជាការជំរុញបង្កើតផ្ទេរបច្ចេកវិទ្យាចេះធ្វើបណ្ដើរៗ នេះជាកិច្ចការសំខាន់ ដោយមិនត្រឹមតែបង្កើតការងារទេ តែគឺការផ្ទេរជំនាញ និងចំណេះដឹងទៅលើបច្ចេកវិទ្យាដល់កូនខ្មែរយើង ។ នេះជាការផ្ទេរ ជាការបង្កើតនូវធនធាន ដែលជួយសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពធន៕























































































