សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ជួយកាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកវិញនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការបង្កើតការងារ​ដែល​ទាមទារជំនាញ និងបច្ចេកទេសខ្ពស់, ញ៉ាំងឱ្យតម្លៃពលកម្ម កាន់តែសមរម្យជាងវិស័យ​ឧស្សាហកម្មអតិពលកម្ម, ដោយផ្ដល់ឱកាសដល់យុវជនកម្ពុជា ជាពិសេសយុវជន​នៅ​តាម​មូលដ្ឋាន ចូលរួមក្នុងឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាខ្ពស់ ជំរុញការផ្ទេរចំណេះធ្វើ និងបច្ចេកវិទ្យាជាបណ្តើរៗ ពីអ្នកជំនាញបរទេសដល់អ្នកជំនាញ និងប្រជាពលករកម្ពុជា។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតីអញ្ជើញចូលរួម ការដាក់សម្ពោធឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា​ បានជួយកាត់បន្ថយការនាំចូលរថយន្ដ សម្រេច, ជំនួសមកនូវការផលិត និងផ្គុំ​ ដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។ ប្រសិនបើយើងនាំចូលយើងបង់លុយ លុយទាំងនោះបានហូរចេញទៅក្រៅប្រទេស តែបើយើងតម្លើងក្នុងស្រុក ថវិកាមួយផ្នែកបានចូលទៅប្រាក់បៀរវត្សរបស់បុគ្គលិកនៅកម្ពុជាយើង»

សម្ដេចមហាបវរធិបតី បានថ្លែងបញ្ជាក់ថា «កន្លងមកខ្ញុំធ្លាប់បានលើកឡើងថា ពីមុនសូម្បីតែទឹកក្រូច១កំប៉ុង ក៏យើងបាននាំចូលពី ក្រៅប្រទេសដែរចន្លោះឆ្នាំ៩០ជាង កម្ពុជាមិនមានរោងចក្រផលិតក្នុងស្រុកទេ ប៉ុន្ដែឥឡូវយើងមានរោងចក្រផលិតសម្លៀកបំពាក់នាំចេញ, ផលិតផលកសិកម្ម, កសិឧស្សាហកម្ម, គ្រឿងហូបចុក និងឈានដល់គ្រឿងបង្គុំ អេឡិចត្រូនិចជាដើម» ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពីមុនយើងនាំចូលរថយន្ដប៉ុន្ដែឥឡូវនេះ យើងអាចបង្គុំរថយន្ដក្នុងស្រុកបាន ដែលអាចលក់ឲ្យប្រជាជនក្នុងស្រុកបាន។ ទោះបីជាយើងមិនទាន់ផលិតបានដោយខ្លួនបាន១០០ភាគរយក្ដី ប៉ុន្ដែបង្គុំបានក្នុងស្រុក ដោយស្នើរដៃកូនខ្មែរ នេះចាត់ទុកជាមោទនភាពមួយ ព្រោះនេះមិនមែនជាការធ្វើរទេះសេះទេ ប៉ុន្ដែជាការបង្គុំធ្វើរថយន្ដ ជាការពិតមានបណ្ដាប្រទេសជាច្រើនបានធ្វើ ប៉ុន្ដែសម្រាប់កម្ពុជានេះជាមោទនភាព ខណៈដែលពីមុនយើងធ្វើមិនបាន ប៉ុន្ដែពេលនេះយើងធ្វើបាន នេះជាផលិតផលតូចតាចតែបង្ហាញពីការដើរទៅមុខ។

សម្ដេចមហាបវរធិបតី បានថ្លែងបញ្ជាក់ថា នេះជាការជួយ ជាការជំរុញបង្កើតផ្ទេរបច្ចេកវិទ្យាចេះធ្វើបណ្ដើរៗ​ នេះជាកិច្ចការសំខាន់ ដោយមិនត្រឹមតែបង្កើតការងារទេ តែគឺការផ្ទេរជំនាញ និងចំណេះដឹងទៅលើបច្ចេកវិទ្យាដល់កូនខ្មែរយើង ។ នេះជាការផ្ទេរ ជាការបង្កើតនូវធនធាន ដែលជួយសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពធន៕