ឯកឧត្តម វ៉ី សំណាង ណែនាំសមាជិកបក្សខិតខំអភិវឌ្ឍមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្មជាងមុន


តាកែវ៖ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក គណបក្សសង្កាត់ទាំង៣ ក្នុងក្រុងដូនកែវ នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានណែនាំ និងក្រើនរំលឹកដល់មន្ត្រីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ព្រមទាំងយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំងក្លាថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងមន្ត្រីគណបក្ស ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសជាតិមកទល់សព្វថ្ងៃ គឺកើតចេញពីការដឹក នាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមដំបូលនៃគណបក្សប្រជាជនកម្ពុជា។ រយៈពេលជាង ៤៧ ឆ្នាំមកនេះ កម្ពុជាបានប្រែមុខមាត់យ៉ាងខ្លាំងចេញពីប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមបង្ហូរឈាម ប្រែជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ ។
ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានបន្ថែមថា ដោយសារប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ទើបបងប្អូនប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដីពីមួយអាណត្តិទៅមួយអាណត្តិ។
ដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត ឯកឧត្តមបានផ្តាំផ្ញើឱ្យសមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យអស់ពីសមត្ថភាព និងទាន់ពេលវេលា។បន្តចុះដល់ខ្នងផ្ទះស្វែងយល់ និងក្តាប់ឱ្យបានច្បាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមជួយដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ៕