(ភ្នំពេញ)៖ ពីប្រទេសដែលបានប្រយុទ្ធប្រឆាំង និងបង្ក្រាបដ៏ខ្លាំងក្លាលើជម្រកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅស្កេម ដែលជាបញ្ហាស្មុគស្មាញមួយរបស់ពិភពលោកនោះ កម្ពុជាទទួលបានសេចក្តីទុកចិត្តផ្តល់តួនាទីឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សន្និសីទកម្រិតអន្តរជាតិមួយនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៣ ហើយបិទបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ សន្និសីទនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោក ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ពិធីបើកសន្និសីទដ៏មានសារៈសំខាន់នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមេដឹកនាំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសំអាត និងឈានទៅកម្ទេចឱ្យអស់ទាំងស្រុងនូវសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីលើទឹកដីកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីរីករាយសូមស្វាគមន៍វត្តមានរបស់អស់លោក លោកស្រី មកកាន់រាជធានីភ្នំពេញ សម្រាប់សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅរកការកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(UNODC-ROSEAP) និងមជ្ឈមណ្ឌលសហប្រតិបត្តិសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងជួបជុំគ្នានៅថ្ងៃនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា និងដាច់ខាតប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញបំផុតមួយ នៃយុគសម័យឌីជីថលរបស់យើង។ ភាពជាអ្នកដឹកនាំពិតប្រាកដ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យយើងប្រឈមមុខនឹងបញ្ហាប្រឈមដ៏បន្ទាន់ដោយភាពច្បាស់លាស់ និងការប្តេជ្ញាចិត្ត។ ការប្រឈមមុខនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងកើតមាននេះ ទាមទារនូវភាពក្លាហានក្នុងការទទួលយកការពិតដ៏លំបាកមួយដោយផ្ទាល់ ទទួលស្គាល់ភាពងាយរងគ្រោះជាប្រព័ន្ធ និងដោះស្រាយបញ្ហាស្មុគស្មាញដោយគ្មានការស្ទាក់ស្ទើរ ឬការយោគយល់ឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បុព្វបុរសខ្មែរបានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងបានបន្សល់ទុកនូវអរិយធម៌ដ៏ល្បីល្បាញសម្រាប់មនុស្សជាតិ ដែលមានភាពអស្ចារ្យ និងកេរដំណែលស្ថិតស្ថេរ។ ក្នុងនាមជាអ្នកបន្តជំនាន់ យើងមានទំនួលខុសត្រូវដ៏ឧត្តុង្គឧត្តមក្នុងការការពារកិត្តិយសរបស់កម្ពុជា និងធានាថា ប្រទេសរបស់យើងបន្តត្រូវបានគេស្គាល់ថាជាប្រទេសដែលមានបេតិកភណ្ឌ ភាពធន់ សន្តិភាព និងវឌ្ឍនភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ បានបញ្ចប់ជម្លោះផ្ទៃក្នុង និងភាពចលាចលក្នុងសង្គមអស់រយៈពេលកន្លះសហវត្សរ៍។ ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ កម្ពុជាបានកសាងសង្គមមួយដែលរីកចម្រើនលើមូលដ្ឋាននៃសន្តិភាព និងស្ថិរភាព។ កម្ពុជាបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងស្ថាប័ន ដោយបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនយើងជាបន្តបន្ទាប់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបញ្ជាក់ជំហរឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
* កម្ពុជាទទួលខុសត្រូវពេញលេញក្នុងការធានាសន្តិសុខព្រំដែនរបស់យើង ការអនុវត្តច្បាប់របស់យើង និងការស្តារឡើងវិញនូវបូរណភាពនៃដែនយុត្តាធិការជាតិរបស់យើង។ គណនេយ្យភាពត្រូវតែបង្ហាញឱ្យឃើញតាមរយៈសកម្មភាពផ្ទៃក្នុងដែលមិនយោគយល់ឡើយ។ សម្រាប់ហេតុផលនេះ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ យើងបានលើកកម្ពស់រចនាសម្ព័ន្ធបញ្ជាការរបស់យើងទៅជាគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (CCOS) ក្រោមការដឹកនាំផ្ទាល់របស់សម្តេច។
* លើសពីនេះ កម្ពុជាបានអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់យើង។ វិធានការដាច់ខាតទាំងនេះបានអនុញ្ញាតឱ្យយើងអនុវត្តយុទ្ធនាការដែលមានលក្ខណៈឯកភាព ដែលមានការចូលរួមគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គមទាំងមូល ក្នុងគោលបំណងកម្ចាត់បណ្តាញទាំងនេះឱ្យអស់។ យើងចាត់ទុកការអនុវត្តច្បាប់ជាកាតព្វកិច្ចសន្តិសុខជាតិអចិន្ត្រៃយ៍ មិនមែនជាយុទ្ធនាការដើម្បីផ្សព្វផ្សាយរូបភាពនោះទេ។ យើងផ្តោតការខិតខំប្រឹងប្រែងរបស់យើងលើការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មជាអចិន្ត្រៃយ៍ ការទប់ស្កាត់ការកើតឡើងវិញរបស់ពួកគេ។ យើងបានបង្ក្រាបទាំងស្រុងនូវរាល់ទីតាំងឆបោកទ្រង់ទ្រាយធំទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
* ទោះបីជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាបណ្តាញតូចៗដែលនិងប្រតិបត្តិការដោយគ្មានទីស្នាក់ការកណ្តាល ហើយនិងមានផែនការកំណត់គោលដៅលើពលរដ្ឋរបស់ខ្មែរក៏ដោយ ប៉ុន្តែកងកម្លាំងអនុវត្តច្បាប់របស់យើង នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីបង្ក្រាបរាល់ការគំរាមកំហែងដែលកំពុងកើតមាន។
* ដើម្បីពង្រឹងការការពារជាតិរបស់យើងប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនាពេលអនាគត កម្ពុជាកំពុងពន្លឿនការអភិវឌ្ឍនីតិកម្មឯកទេស រួមទាំងច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងក្របខណ្ឌគ្រប់គ្រងទ្រព្យសម្បត្តិនិម្មិតដែលនឹងមកដល់។ លើសពីនេះ កម្ពុជាកាលពីឆ្នាំមុនបានក្លាយជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
* កិច្ចសហប្រតិបត្តិការអន្តរជាតិនេះមានសារៈសំខាន់ចំពោះសមិទ្ធផលរបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសូមថ្លែងអំណរគុណចំពោះដៃគូសំខាន់ៗ និងភ្នាក់ងារអនុវត្តច្បាប់របស់យើងពីប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី រដ្ឋជាសមាជិកអាស៊ាន ប្រទេសដៃគូផ្សេងទៀត និងអង្គការអន្តរជាតិ រួមមាន UNODC, INTERPOL និង IOM។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ជួរមុខដ៏ខ្លាំងក្លារបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់មេរៀនដ៏សំខាន់ដែល ឥឡូវនេះបានកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង។
ទី១ និងសំខាន់បំផុត ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យលើកកម្ពស់ការគំរាមកំហែងនេះទៅជាអាទិភាពសន្តិសុខជាតិកម្រិតខ្ពស់បំផុត។ ការបង្កើតស្ថាប័នកណ្តាលដូចជា គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានសារៈសំខាន់ក្នុងការធ្វើសមកាលកម្មការចែករំលែកព័ត៌មាន ព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ ការអនុវត្តច្បាប់ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងសសរស្តម្ភរដ្ឋទាំងអស់។
ទី២ ការអនុវត្តចុះបង្រ្កាបជាយុទ្ធសាស្ត្រត្រូវតែត្រូវបានពង្រឹងដោយច្បាប់ដែលកំណត់គោលដៅលើបណ្តាញឧក្រិដ្ឋកម្មទាំងមូល។ ច្បាប់សម័យទំនើបប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបត្រូវតែកំណត់ការទទួលខុសត្រូវព្រហ្មទណ្ឌយ៉ាងច្បាស់លាស់ មិនត្រឹមតែសម្រាប់ប្រតិបត្តិករជួរមុខប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មេខ្លោង អ្នកវិនិយោគ អ្នកជ្រើសរើសបុគ្គលិក ម្ចាស់អចលនទ្រព្យ និងអ្នកសម្របសម្រួលផងដែរ។
ទីបី អាជ្ញាធរត្រូវតែសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងយុទ្ធសាស្ត្រផ្លាស់ប្តូររបស់ក្រុមឧក្រិដ្ឋជន។ នៅពេលដែលទីតាំងត្រូវបានរំខាន ក្រុមឧក្រិដ្ឋជនបំបែកខ្លួនទៅជា ក្រុមតូចៗដែលលាក់ខ្លួននៅទីតាំងផ្សេងៗ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ក្នុងពេលដំណាលគ្នា យុទ្ធសាស្ត្រអនុវត្តច្បាប់ត្រូវតែបង្វែរទៅរកការត្រួតពិនិត្យ អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង ការប្រមូលព័ត៌មានស៊ើបការណ៍ឌីជីថលជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យនៅនឹងកន្លែង។
ទីបួន ស្ថាប័នអនុវត្តច្បាប់ត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវក្រមសីលធម៌។ ប្រតិបត្តិការឆបោកឆ្លងដែនភាគច្រើនពឹងផ្អែកលើការជួញដូរមនុស្ស ការជ្រើសរើសបោកប្រាស់ និងការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ យើងត្រូវតែធានាថាជនរងគ្រោះដែលត្រូវបានជួញដូរដែលត្រូវបានបង្ខិតបង្ខំឱ្យប្រព្រឹត្តអំពើឆបោក ត្រូវបានកំណត់អត្តសញ្ញាណ ការពារ បែងចែកពីអ្នកប្រព្រឹត្តដោយស្ម័គ្រចិត្ត ផ្តល់ជំនួយមនុស្សធម៌ និងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយសុវត្ថិភាព។ ក្រុមឧក្រិដ្ឋជនត្រូវបាន ជំរុញដោយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបបំផុត។ ជាការឆ្លើយតប សាមគ្គីភាពអន្តរជាតិរបស់យើងត្រូវតែរឹងមាំជាងមុន ដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ទំនើប ប្រកបដោយប្រសិទ្ធភាព និងសហការគ្នាពិតប្រាកដ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
ផ្ទុយទៅវិញ កិច្ចខិតខំប្រឹងប្រែងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគួរតែជាហេតុផលសម្រាប់បណ្តាប្រទេសនានាធ្វើការរួមគ្នាដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាសម្រាប់ផលប្រយោជន៍រួម។ មិនមានប្រទេសណាមួយអាចដោះស្រាយ បញ្ហាប្រឈមឆ្លងដែននេះដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។
ដូចទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដែរ គ្រប់ប្រទេសទាំងអស់ត្រូវតែទទួលខុសត្រូវយ៉ាងសកម្មក្នុងការអប់រំ និងការពារពលរដ្ឋរបស់ខ្លួន។ ពួកគេត្រូវតែអនុវត្តវិធានការតឹងរ៉ឹងដើម្បីព្រមានប្រជាជនរបស់ពួកគេប្រឆាំងនឹងការផ្តល់ការងារនៅបរទេសបោកប្រាស់ និងជាអន្ទាក់នៃការឆបោកហិរញ្ញវត្ថុ។
រដ្ឋាភិបាលទាំងអស់ក៏ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈជាប្រចាំ ដើម្បីអប់រំពលរដ្ឋរបស់ខ្លួនអំពីយុទ្ធសាស្ត្រវិវឌ្ឍន៍នៃការបោកប្រាស់តាមប្រព័ន្ធឌីជីថល។ នេះគឺដើម្បីធានាថាជនដែលងាយរងគ្រោះមិនធ្លាក់ខ្លួនជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លើសពីនេះ ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពិភពលោកមានទំនួលខុសត្រូវដ៏សំខាន់ក្នុងការធានាថាហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្តាញធនាគារ មិនបម្រើជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនឡើយ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វេទិកាបច្ចេកវិទ្យា បណ្តាញទំនាក់ទំនងដែល និងវេទិកាគ្រីបតូរូបិយប័ណ្ណ ត្រូវតែអនុវត្តពិធីការផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ប្រាក់ចំណូលខុសច្បាប់ពីការលាងលុយកខ្វក់ និងការបញ្ចូលទៅក្នុងទីផ្សារសកលស្របច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងន័យនេះ កម្ពុជាប្តេជ្ញាពេញលេញក្នុងការចាត់វិធានការឥតឈប់ឈរ និងបង្កើតកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាពអធិបតេយ្យភាព និងគណនេយ្យភាពរួម។
ចំពោះមាគ៌ាអនាគត សម្តេចសូមស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ។
ទី១ ប្រទេសដៃគូត្រូវតែបង្កើនទ្វេដងលើបណ្តាញទំនាក់ទំនងឆ្លើយតបភ្លាមៗរវាងស្ថាប័នអនុវត្តច្បាប់ជាតិ និងអន្តរជាតិ ដើម្បីអាចចែករំលែកព័ត៌មានស៊ើបការណ៍ ក្នុងពេលជាក់ស្តែងដែលតាមដានកោសិកាឧក្រិដ្ឋកម្ម និងបង្អាក់ក្រុមឧក្រិដ្ឋជនដែលគ្មានមជ្ឈការឆ្លងកាត់ព្រំដែន។
ទី២ ស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការលាងលុយកខ្វក់គួរតែសហការគ្នា និងប្រើប្រាស់វេទិកាដែលអាចធ្វើឱ្យមានលទ្ធភាពតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ឲ្យបានឆាប់រហ័ស កំណត់អត្តសញ្ញាណម្ចាស់ផលប្រយោជន៍ចុងក្រោយ បង្កកទ្រព្យសម្បត្តិនិម្មិត និងបង្ក្រាបបណ្តាញធនាគារក្រៅប្រព័ន្ធ។
ទី៣ ដៃគូអន្តរជាតិគួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខណ្ឌជំនួយផ្លូវច្បាប់ទៅវិញទៅមក សម្រួលនីតិវិធីធ្វើបត្យាប័ន និងលើកកម្ពស់ការចែករំលែកភស្តុតាងកោសល្យវិច័យឌីជីថល ដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋជនពីការកេងប្រវ័ញ្ចចន្លោះប្រហោងដែនសមត្ថកិច្ចផ្លូវច្បាប់។
ទី៤ រដ្ឋាភិបាលគួរតែកសាងភាពជាដៃគូប្រតិបត្តិការជាមួយធនាគារពាណិជ្ជកម្ម ប្រតិបត្តិករទូរគមនាគមន៍ វេទិកាបច្ចេកវិទ្យា និងការផ្លាស់ប្តូរគ្រីបតូរូបិយប័ណ្ណ ដើម្បីរកឃើញសកម្មភាពឆបោកជាមុន ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឱ្យសង្ស័យ និងបង្កកគណនីដែលពាក់ព័ន្ធករណីខុសច្បាប់។
ទី៥ រដ្ឋាភិបាល និងអង្គការអន្តរជាតិគួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានាការការពារ និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ ត្រូវតែផ្គូផ្គងជាមួយនឹងសកម្មភាពជាក់ស្តែង និងរួមគ្នា។ ក្នុងស្មារតីនៃទំនុកចិត្តទៅវិញទៅមក និងទំនួលខុសត្រូវរួមនេះ កម្ពុជាទន្ទឹងរង់ចាំដៃគូអន្តរជាតិរបស់ខ្លួនអនុម័តសេចក្តីប្រកាសភ្នំពេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការបំបែកខ្សែសង្វាក់ និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ជាស្ថាពរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលដែលយើងចាប់ផ្តើមទំនួលខុសត្រូវរួមនេះ សម្តេចសូមលើកទឹកចិត្តវាគ្មិន គណៈកម្មការ និងអ្នកចូលរួមទាំងអស់ឱ្យចូលរួមក្នុងការពិភាក្សាដោយស្មោះត្រង់ ឆ្ពោះទៅមុខ និងស្ថាបនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមប្រកាសជាផ្លូវការនូវការបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅរកការកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»៕







































































































