សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ, ការប៉ះពាល់ដំបូងរបស់កម្ពុជាដោយសារការរីកលូតលាស់នៃការលេងល្បែងអនឡាញ


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ, ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញបើកសន្និសីទអន្តរ​ជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឡើងនៅកម្ពុជាក្រោមប្រធានបទ «រួមគ្នា​ឆ្ពោះ​​ទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែល​ឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោក ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ, ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះបណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន បណ្តាញឧក្រិដ្ឋជនឆ្លងដែនទាំងនេះបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា កម្ពុជាទទួលខុសត្រូវពេញលេញក្នុងការធានាសន្តិសុខព្រំដែន ការអនុវត្តច្បាប់របស់យើងនិងការស្តារឡើងវិញនូវបូរណភាពនៃដែនយុត្តាធិការជាតិ។ គណនេយ្យភាពត្រូវតែបង្ហាញឱ្យឃើញតាមរយៈសកម្មភាពផ្ទៃក្នុងដែលមិនយោគយល់ឡើយ, សម្រាប់ហេតុផលនេះ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ យើងបានលើកកម្ពស់រចនាសម្ព័ន្ធបញ្ជាការរបស់យើងទៅជាគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (CCOS) ក្រោមការដឹកនាំផ្ទាល់របស់សម្តេចផ្ទាល់តែម្តង។

លើសពីនេះកម្ពុជាបានអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់ ហើយវិធានការដាច់ខាតទាំងនេះបានអនុញ្ញាតឱ្យយើងអនុវត្តយុទ្ធនាការដែលមានលក្ខណៈឯកភាព ដែលមានការចូលរួមគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គមទាំងមូល ក្នុងគោលបំណងកម្ចាត់បណ្តាញទាំងនេះឱ្យអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរទៀតថា កម្ពុជាចាត់ទុកការអនុវត្តច្បាប់ជាកាតព្វកិច្ចសន្តិសុខជាតិអចិន្ត្រៃយ៍ មិនមែនជាយុទ្ធនាការដើម្បីផ្សព្វផ្សាយរូបភាពនោះទេ, យើងផ្តោតការខិតខំប្រឹងប្រែងលើការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មជាអចិន្ត្រៃយ៍ ការទប់ស្កាត់ការកើតឡើងវិញរបស់ពួកគេ។ យើងបានបង្ក្រាបទាំងស្រុងនូវរាល់ទីតាំងឆបោកទ្រង់ទ្រាយធំទាំងអស់នៅកម្ពុជា, ទោះបីជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាបណ្តាញតូចៗដែលនឹងប្រតិបត្តិការដោយគ្មានទីស្នាក់ការកណ្តាល ហើយនិងមានផែនការកំណត់គោលដៅលើពលរដ្ឋរបស់ខ្មែរក៏ដោយ ប៉ុន្តែកងកម្លាំងអនុវត្តច្បាប់នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីបង្ក្រាបរាល់ការគំរាមកំហែងដែលកំពុងកើតមាន។

ដើម្បីពង្រឹងការការពារជាតិប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនាពេលអនាគត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កម្ពុជាកំពុងពន្លឿនការអភិវឌ្ឍនីតិកម្មឯកទេស រួមទាំងច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៉ឺធឺណិត ច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ឺនធឺណិត និងក្របខណ្ឌគ្រប់គ្រងទ្រព្យសម្បត្តិនិម្មិតដែលនឹងមកដល់។ លើសពីនេះកម្ពុជាកាលពីឆ្នាំមុន បានក្លាយជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ៕