សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យប្រទេសមួយផ្សេងឡើយ ព្រោះជាការរំលោភច្បាប់អន្ដរជាតិ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនគួរប្រទេសណាមួយប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងប្រទេសមួយទៀត ក្នុងគោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយកាន់តែមិនគួរយកលេសប្រើប្រាស់កម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះទេ។

ក្នុងពិធីបើកសន្និសីទអន្ដរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នា​ឆ្ពោះ​​ទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការយកការប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ កាន់កាប់អធិបតេយ្យប្រទេសណាមួយ គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្ដរជាតិ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយ ប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ ហើយក៏មិនយកគោលបំណង ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកធ្វើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ព្រោះនេះជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ផ្ទុយទៅវិញ កិច្ចខិតខំប្រឹងប្រែងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គួរតែជាហេតុផលសម្រាប់បណ្តាប្រទេសនានា ធ្វើការរួមគ្នាដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាសម្រាប់ផលប្រយោជន៍រួម។ មិនមានប្រទេសណាមួយអាចដោះស្រាយ បញ្ហាប្រឈមឆ្លងដែននេះ ដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ទោះបីកិច្ចសហប្រតិបត្តិការអន្តរជាតិដែរ គ្រប់ប្រទេសទាំងអស់ត្រូវតែទទួលខុសត្រូវយ៉ាងសកម្មក្នុងការអប់រំ និងការពារពលរដ្ឋរបស់ខ្លួន។ ប្រទេសនីមួយៗត្រូវដាក់ចេញវិធានការតឹងរ៉ឹង ដើម្បីព្រមានប្រជាជនរបស់ពួកគេប្រឆាំងនឹងការផ្តល់ការងារនៅបរទេសបោកប្រាស់ និងជាអន្ទាក់នៃការឆបោកហិរញ្ញវត្ថុ។ រដ្ឋាភិបាលទាំងអស់ ក៏ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈជាប្រចាំ ដើម្បីអប់រំពលរដ្ឋរបស់ខ្លួនអំពីយុទ្ធសាស្ត្រវិវឌ្ឍន៍ នៃការបោកប្រាស់តាមប្រព័ន្ធឌីជីថល។ នេះគឺដើម្បីធានាថា ជនដែលងាយរងគ្រោះមិនធ្លាក់ខ្លួនជាជនរងគ្រោះ នៃការឆបោកតាមប្រព័ន្ធអនឡាញ។

លើសពីនេះទៀត ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពិភពលោក មានទំនួលខុសត្រូវដ៏សំខាន់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្តាញធនាគារ មិនបម្រើជាទីជម្រកសុវត្ថិភាព សម្រាប់ក្រុមឧក្រិដ្ឋជនឡើយ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វេទិកាបច្ចេកវិទ្យា បណ្តាញទំនាក់ទំនងដែល និងវេទិកាគ្រីបតូរូបិយប័ណ្ណ ត្រូវតែអនុវត្តពិធីការផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ប្រាក់ចំណូលខុសច្បាប់ពីការលាងលុយកខ្វក់ និងការបញ្ចូលទៅក្នុងទីផ្សារសកលស្របច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងន័យនេះ កម្ពុជាប្តេជ្ញាពេញលេញក្នុងការចាត់វិធានការឥតឈប់ឈរ និងបង្កើតកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាពអធិបតេយ្យភាព និងគណនេយ្យភាពរួម៕