ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង៤​​​​ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!


(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចពីមូលហេតុចម្បងចំនួន៤ ដែលនាំឱ្យមានកំណើនបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា។

នេះបើតាមការថ្លែងពីរឯកឧត្តមដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត មូលហេតុចម្បងនោះ រួមមាន៖

*ទី១៖ មធ្យោបាយនៃការប្រព្រឹត្តបទល្មើសមានភាពងាយស្រួល ដោយគ្រាន់តែមានប្រព័ន្ធអ៉ីនធឺណិត និងឧបករណ៍អេឡិចត្រូនិចមួយ
*ទី២៖ ភាពចន្លោះប្រហោងនៃច្បាប់ និងយុត្តាធិការរវាងប្រទេសនីមួយៗ
*ទី៣៖ ការចំណាយដើមទុនតិចទទួលបានផលច្រើន
និង៤៖ ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មដោយផ្ទាល់ទៅជាការទំនាក់ទំនង និងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណគ្រីបតូ។

ប្រឈមមុខនឹងបញ្ហានេះ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាពិសេសក៏បានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ដែលក្នុងនោះមានជាអាទិ៍ ការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបទល្មើសនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តក្នុងន័យដើមថា ក្រសួងមហាផ្ទៃ ដែលជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងសិក្សាពិនិត្យលទ្ធភាពក្នុងការបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា៖ «ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងយន្តការទាំងនេះ គឺដើម្បីគាំទ្រនិងសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលគឺ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងមិនឱ្យបទល្មើសនេះកើតឡើងវិញជាថ្មី»

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញក្រសួងមហាផ្ទៃគ្រប់ថ្នាក់ បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams សរុប ៦៦៥ទីតាំង និងចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ចំនួន ២៨ ៥១២ទីតាំង។ តាមរយៈវិធាននេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន២៦៨សំណុំរឿង មានជនសង្ស័យសរុប ២ ៧៧៣នាក់ ដែលក្នុងនោះ កំពុងជាប់ឃុំ ចំនួន២.២០០នាក់ និងបណ្ដេញជនបរទេសពីកម្ពុជាពាក់ព័ន្ធនឹង Online Scams ចំនួន ២១ ១០២នាក់ មាន៣៨សញ្ជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអះអាងអំពីឆន្ទៈរបស់កម្ពុជាថា ក្រៅពីការអនុវត្តច្បាប់ និងយន្តការនានាក្នុងការបង្ក្រាបបទល្មើស Online Scamsនោះ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយប្រទេសជាដៃគូ និងអង្គការអន្តរជាតិនានា ដោយបានឃាត់ខ្លួននិងបញ្ជូនមុខសញ្ញាមេខ្លោងសំខាន់ៗមួយចំនួន និងកំពុងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញាមេខ្លោងដែលកំពុងគេចខ្លួន ឈានទៅបង្ក្រាបឱ្យដល់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

សូមបញ្ជាក់ថា កម្ពុជា បានធ្វើរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងថ្នាក់ដឹកនាំរដ្ឋាភិបាលដែលអញ្ជើញមកពីប្រទេសជាង២៧ នៅលើពិភពលោក និងថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧​ និងមានភ្ញៀវជាតិ អន្តរជាតិចូលរួមជាង ១០០០នាក់៕