ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាជាមួយនាយកទទួលបន្ទុកវិនិយោគនៃធនាគារ AIIB ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមក្របខណ្ឌឥណទាន


(ចិន)៖ ក្នុងឱកាសបំពេញបេសកម្មការងារនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយលោកស្រី Kim-See Lim នាយកទទួលបន្ទុកវិនិយោគ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

គោលបំណងនៃការកិច្ចប្រជុំគឺ (១). ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្រោមក្របខណ្ឌឥណទានរបស់ AIIB (២). ពិនិត្យលើបញ្ជីគម្រោងដែលបានដាក់ស្នើឡើង និង (៣). ពិភាក្សាអំពីកិច្ចសហការនាថ្ងៃអនាគតរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ។

ជាលទ្ធផលភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហការល្អនាពេលកន្លងមក និងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ដើម្បីជំរុញការអនុវត្តគម្រោងអាទិភាពនានាឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមផែនការដែលបានកំណត់៕