(រតនគិរី)៖ អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន បានប្រាប់ប្រជាពលរដ្ឋ នៅស្រុកវើនសៃថា អ្នកដែលរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាអ្នកដែលប្រឆាំង ព្រះរាជសារអំពាវនាវរបស់ព្រះមហាក្សត្រ និងរារាំងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធកំពង់ទឹក នៅឃុំប៉ុង ស្រុកវើនសៃ នារសៀលថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម អភិបាលខេត្តរតនគិរី ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំ ដែលខ្លួនស្រលាញ់ បន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
បន្ថែមពីនេះ ឯកឧត្តម ថង សាវុន បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋជឿនូវការញុះញង់របស់ជនអគតិណាមួយ ដែលមានបំណងរារាំងដល់ការបោះឆ្នោត និងចាត់ទុកថា អ្នកដែលមានបំណងរារាំងមិនឲ្យមានការបោះឆ្នោត ឬមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាអ្នកដែលប្រឆាំងព្រះរាជសាររបស់ព្រះមហាក្សត្រ មិនតែប៉ុណ្ណោះ ថែមទាំងបំផ្លាញរារាំងដល់ដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ឯកឧត្តមអភិបាលខេត្តរតនគិរី ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋចូលរួមថែរក្សានូវសន្តិភាព ដែលកម្ពុជាបានខិតខំរកមកដោយលំបាកបំផុត ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថែរក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុកូនចៅជំនាន់ក្រោយៗទៀត៕