អភិបាល ខេត្តសៀមរាបអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការនូវអាគារសិក្សាថ្មី នៃសាលាវេសហ្គេតអន្តរជាតិ


ព្រឹកថ្ងៃសុក្រ​ ១៣កើតខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៧២​ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការនូវអាគារសិក្សាថ្មី នៃសាលាវេសហ្គេតអន្តរជាតិ និងចែកនូវលិខិតសសើរជូនក្មួយៗសិស្សានុសិស្សឆ្នើម សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ឯកឧត្តមបណ្ឌិត​ អភិបាលខេត្តបានធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រឹះស្ថានអប់រំមួយនេះ និងសូមជូនពរឲ្យបានទទួលជោគជ័យថ្មីៗធំៗ បន្ថែមទៀតក្នុងបុព្វហេតុ និងគោលបំណងរបស់ខ្លួន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ពិសេសខេត្តសៀមរាប ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពគ្រួសារ និងឧត្តមភាពលើឆាកជាតិ-អន្តរជាតិ។

ឯកឧត្តមបណ្ឌិត​ អភិបាលខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកនាយកសាលាវេសហ្គេតអន្តរជាតិ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តសៀមរាបឱ្យមានស្តង់ដារអន្តរជាតិមួយ។

ជាមួយគ្នានេះដែរ​ ឯកឧត្តមបណ្ឌិត​ អភិបាលខេត្តក៏បានចែកនូវលិខិតសសើរជូនក្មួយៗសិស្សានុសិស្សឆ្នើម សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨៕