ថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី រួមដំណើរជាមួយដោយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យស្ថានភាពទឹកនៅអាងទឹក ៧មិនា ស្ថិតនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ២.០៥១ ហិកតាទាំងរដូវប្រាំង និងរដូវវស្សា ។ បន្ទាប់មកឯកឧត្តម និងក្រុមការងារ បានបន្តចុះពិនិត្យការងារជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរដូវវស្សាចំនួន ១.១២៦ ហិកតា (ធ្វើលើកទី២) នៅស្ថានីយបូមទឹក ហ៊ុន សែន ទី ១៥ ស្ថិតនៅឃុំសំរោង និងឃុំស្រង៉ែ ស្រុកព្រៃឈរ និងបានផ្តល់ប្រេងម៉ាស៊ូតចំនួន ១.០០០ លីត្រ សម្រាប់ការងារអន្តរាគមន៍នេះផងដែរ ។ គិតមកត្រឹមថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ ស្ថានភាពបង្កបង្កើលផលស្រូវរដូវវស្សា អនុវត្តបានលើផ្ទៃដី ៩៦.៩១៦ ហិកតា ស្មើ១១២% នៃផែនការគ្រោងទុក ចំនួន ៨៦.៥៤០ ហិកតា ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឲ្យ មន្ទីរជំនាញបន្តយកចិត្តទុកដាក់ និងតាមដានការងារបង្កបង្កើនផល និងត្រៀមបម្រុងក្នុងការរក្សាទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវនារដូវប្រាំងខាងមុខ ៕
ឯកឧត្តម ថោ ជេដ្ឋា រួមដំណើរជាមួយដោយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះត្រួតពិនិត្យស្ថានភាពទឹកនៅអាងទឹក ៧មិនា
