ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការនិយាយថា របបប្រជាធិបតេយ្យ សេរីពហុបក្សបច្ចុប្បន្ន នៅកម្ពុជា ជារបបឯកបក្សគឺជា ការប្រមាថឆន្ទៈ របស់ប្រជាជនកម្ពុជា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ ) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការនិយាយថា របបប្រជាធិបតេយ្យ សេរីពហុបក្សបច្ចុប្បន្ន នៅកម្ពុជា ជារបបឯកបក្សគឺជា ការប្រមាថឆន្ទៈ របស់ប្រជាជនកម្ពុជា ។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បន្ទាប់ពីក្រុមអតីតបក្សប្រឆាំង តែងតែលើកឡើងថា កម្ពុជាសព្វថ្ងៃដឹកនាំ ដោយរបបឯកបក្ស មិនមែនជារបបពហុបក្សទេ ។

ឯកឧត្តម សុខ ឥសាន ថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ថា “ការទទួលបានអាសនៈ របស់គណបក្សនៅក្នុងរដ្ឋសភា អាស្រ័យលើលទ្ធផល នៃរូបមន្តបែងចែកលទ្ធផល បោះឆ្នោតនៅក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានជនណាអាចរំលោភឆន្ទៈ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បានជាដាច់ខាត ។

ឯកឧត្តម ថា ដូចនេះទោះបីនៅក្នុងរដ្ឋសភា មានតំណាងរាស្ត្រមក ពីប៉ុន្មានគណបក្ស ក៏កម្ពុជានៅតែជារបបប្រជាធិបតេយ្យ សេរីពហុបក្សដដែល គ្មានការប្រែប្រួលឡើយ ។

ឯកឧត្តមបន្តថា “ ហេតុនេះការនិយាយថា នៅកម្ពុជាបច្ចុប្បន្នជារបបឯកបក្ស គឺជាការប្រមាថឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតកន្លងទៅ” ។

អ្នកនាំពាក្យសង្ក់តធ្ងន់ថា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ២០១៨មានគណបក្សនយោបាយ ចំនួន២០ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ដែលក្នុងចំនួនទាំង២០នេះ គ្រប់គណបក្សសុទ្ធតែទទួលបានសំឡេងគាំទ្រ ពីប្រជាពលរដ្ឋ គ្រាន់តែតិចនិងច្រើនតែប៉ុណ្ណោះ ។
លោកថា ដូចនេះការចូលរួមប្រកួត ប្រជែងមានបក្សច្រើន ហើយលទ្ធផល ក៏មានបក្សច្រើនដែរ ។ នេះហើយដែលបញ្ជាក់ថា គឺជាលក្ខណៈប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ៕