ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ៖ រដ្ឋបាលក្រុងព្រៃវែង បានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ០៥ មិថុនា ២០២៥ ក្រោមប្រធានបទ៖«ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក(Beat Plastic Pollution)» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅបរិវេណមុខសាលាខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង មានមតិស្វាគន័ និងរបាយការណ៍សង្ខេប ស្តីពីការប្រារព្ធទិវាបរិស្ថានជាតិ នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាននិងសហគមន៍។ ហើយការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន “ ។
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ផ្តាំផ្ញើរ ដោយបានលើកឡើងពី ប្រធានបទ៖«ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក(Beat Plastic Pollution)» ត្រូវបានជ្រើសរើសឡើង ស្របតាមបរិបទសកល និងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាការកើនឡើង នៃសំណល់ប្លាស្ទិក ដែលក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង ប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម អភិបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។
មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តព្រៃវែង លោកនាយក នាយករងទីចាត់ការសាលាខេត្ត លោកមេបញ្ជាការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យអង្គភាព និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងទាំងអស់ លោកចៅសង្កាត់ទាំងបួន មេភូមិ អនុភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ព្រះអង្គឌួង និងវិទ្យាល័យហ៊ុន សែន កំពង់លាវ បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី យុវជនសសយក យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសមាសភាពពាក់ព័ន្ធ អ្នកចូលរួមសរុបចំនួនប្រមាណ ១០៧៣ នាក់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលក្រុងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា។