មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការសាងសង់ឡើងវិញទំនប់អាងទឹក វាលខ្សោះខ្យល់


ថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម បានចុះពិនិត្យការសាងសង់ឡើងវិញទំនប់អាងទឹក វាលខ្សោះខ្យល់ ស្ថិតក្នុងខេត្តកំពង់ចាម ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៨០% ហើយ ។

សូមជម្រាបជូនថា ទំនប់អាងទឹក វាលខ្សោះខ្យល់ គឺជាប្រព័ន្ធធារាសាស្ត្រថ្មីមួយទៀត ដែលត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមធ្វើការសាងសង់ឡើងវិញ នាដើមខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្ម នៅក្នុងឃុំជ្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ តាមការរំពឹងទឹក ក្រោយសាងសង់ឡើងវិញរួច ប្រព័ន្ធនេះ នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ៣៥ ហិកតា ស្រូវប្រាំង ចំនួន ២៥០ ហិកតា និងដំណាំរួមផ្សំមួយចំនួនទៀត ។ ទន្ទឹមនេះ តួទំនប់នៃប្រព័ន្ធនេះ ក៏នឹងក្លាយជាផ្លូវគមនាគមន៍សម្រាប់ការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ។