ឯកឧត្តម អូស្មាន ហាស្សាន់៖ មានការួបរួមគ្នាជាធ្លុងមួយ ទើបមានសន្តិភាព និង អាចសម្រេចបាននូវកិច្ចការធំៗជាច្រើន


អារ៉ាប៊ីសាអ៊ូឌីត៖ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត រៀបចំដោយអង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ ខលិទ ហ្វៃសល ទីប្រឹក្សាព្រះមហាក្សត្រ និងជាអភិបាលក្រុងម៉ាកាស់ តំណាងដ៏ខ្ពងខ្ពស់របស់ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា «ដរាបណា ឥស្លាមរបស់យើងរក្សាបាននូវការួបរួមគ្នា ការសាមគ្គីគ្នា គឺយើងនឹងអាចសម្រេចបាននូវកិច្ចការធំៗជាច្រើន។ ផ្ទុយទៅវិញ បើសិនជាយើងបែកបាក់ យើងនឹងទន់ខ្សោយ ហើយយើងនឹងចាញ់កលល្បិចសត្រូវ ដែលនាំឱ្យសត្រូវរបស់យើងសប្បាយនឹងផ្តួរំលំយើង ហើយជួយយកគ្នាយើងបំផ្លាញគ្នាយើងដោយភាពងាយស្រួល។»

នៅចំពោះមុខ ឥស្សរជន ថ្នាក់ដឹកនាំ បញ្ញវន្ត អ្នកស្រាវជ្រាវ មានចំនួនជាង ១៣០០ នាក់ មកពី ១២៧ ប្រទេសជុំវិញពិភពលោក ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា «មានដូចនៅកម្ពុជាជាគំរូស្រាប់ ជាប្រទេសដែលបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនទសវត្សបន្ទាប់ពីបារាំងបានកាន់កាប់ជាង៩០ឆ្នាំ ទាំងសង្គ្រាមមនោគមវិជ្ជា និងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ១៩៧០ សម័យលន់ នល់ បានស្លាប់មនុស្សជិត កន្លះលាននាក់ សម័យប៉ុលពត បានសម្លាប់មនុស្ស ប្រហែលជា២លាន រហូតដល់ឆ្នាំ១៩៧៩ ហើយជម្លោះបានបន្តរហូតដល់ឆ្នាំ១៩៩១ ទើបអាចអង្គុយតុចចាគ្នាបាន រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពពេលលេញទូទាំងផ្ទៃប្រទេស ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គម ហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សនិ្តភាព និងស្ថេរភាពនេះ ធ្វើឱ្យយើងទទួលបានសមិទ្ធិផលគួរជាទីមោទនៈ ខណៈដែលមានបងប្អូនឥស្លាមរបស់យើងនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ខ្លះ កំពុងតែរងការបិទសិទ្ធិសេរីភាព និងការធ្វើបាបរិតត្បិត។»

ក្នុងសន្និសីទរយៈពេល ២ថ្ងៃ (១២-១៣ ធ្នូ ២០១៨) ស្តីអំពី “សាមគ្គីភាពឥស្លាម គ្រោះថ្នាក់នៃការលាបពណ៌ និងអបរិយាបណ្ណ” ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអំពាវនាវថា «ក្នុងនាមយើងជាសាសនិកឥស្លាមដូចគ្នា ត្រូវតែយកពេលអង្គុយតុជុំគ្នា កាន់ក្រដាស់ទំព័រសថ្មី និងប៊ិចញញឹមដាក់គ្នា សើចសប្បាយទទួលបានជោគជ័យ នៃសុខសន្តិភាពប្រទេស និងឥស្លាម ហើយត្រូវសម្រក់ទឹកភ្នែកដូចគ្នា ក្នុងការអាណិតអាសូរដល់បងប្អូនឥស្លាមមួយចំនួន ដែលកំពុងរងទុក្ខវេទនា ត្រូវគេសម្លាប់ ធ្វើទុកបុកម្នេញ ដោយសាតែគេឃើញការបែកបាក់ កម្លាំងយើងខ្សោយ មិនរួមកម្លាំសាមគ្គីភាពគ្នា មិនយោគយល់អនុគ្រោះគ្នា បែងចែកក្រុមពួកលាបពណ៌គ្នា តែងតែចាញ់ល្បិចកលសត្រូវដែលអាចធ្វើយើងបែកបាក់ និងដែលនៅអនាគតឥស្លាមខ្សោយទៅៗ នៅចុងក្រោយហុចឱកាសឱ្យសត្រូវបំផ្លាញយើងម្តងមួយៗជាមិនខាន ប្រសិនជាយើងនៅតែមិនរត់មករួបរួមសាគ្គីគ្នាបាន មិនឈប់ធ្វើការលាបពណ៌គ្នា នឹងនៅតែទាត់គ្នាចេញ។»