សម្តេចក្រឡាហោម ស ខេង បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុប្រធានសភារបស់សាធារណរដ្ឋបារាំង


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុប្រធានសភារបស់សាធារណរដ្ឋបារាំង ដែលសម្តេចបានលើកឡើងថាតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា នាពេលនេះគឺកាន់តែធ្វើឲ្យចំណងទំនាក់ទំនងរវាងកម្ពុជាបារាំងកាន់ត្រូវបានលើកកម្ពស់មួយថែមទៀត ហើយសម្តេចក៏ចូលរួមសោកស្តាយ ចំពោះអ្វីដែលជាស្ថានការណ៍ចុងក្រោយដែលកើតឡើងនៅប្រទេសបារាំង។ សម្តេចសូមអរគុណតាមរយៈឯកឧត្តម ចំពោះការរាល់ការគាំទ្រ របស់រដ្ឋាភិបាលបារាំង ការចូលរួមចំណែករបស់បណ្តាមិត្តអន្តរជាតិរបស់កម្ពុជាក្នុងបុព្វហេតុនៃការស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជាដោយមានការខិតខំប្រឹងប្រែងជួយខ្លួនឯងផង និងមានការជួយជ្រោមជ្រែងតាមរយៈមិត្តភ័ក្ត្រអន្តរជាតិដូចជាបារាំងផងដែរ ដែលធ្វើឲ្យប្រទេសកម្ពុជាទទួលបានអ្វីដែលមាននៅថ្ងៃនេះ។

ឯកឧត្តមអនុប្រធានសភាបារាំង បានលើកឡើងនៅគោលបំណងធំៗចំនួន៣របស់ឯកឧត្តមនៅក្នុងទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ទី១.គឺជាការពង្រឹងនូវទំនាក់ទំនងរវាងសភា និងសភាដែលធ្វើជាបន្តបន្ទាប់ តាមការកំណត់កន្លងមក។ ឯកឧត្តមបានលើកលើងថានេះជាភាពចាំមួយដែលសភារបស់សាធារណរដ្ឋបារាំង និងសភារបស់ព្រះរាជាណាចក្រកម្ពុជាបន្តកិច្ចសហការទម្លាប់នេះបន្តទៅទៀតនិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងគ្នា បន្ថែមទៀត, ទី២.តាមរយៈក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមនិងក៏ជួបពិភាក្សាជាមួយនឹងផ្នែកពាក់ព័ន្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជាបារាំង នៅក្នុងការគាំទ្រ ដល់ការថែរក្សា និងអភិរក្សបិតិកភណ្ឌរបស់កម្ពុជា ដែលភាគច្រើននៅក្នុងខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយមួយវិញទៀតនោះក្នុងដំណើរទសន្សនកិច្ចនេះដែរ ក៏ជាការអនុវត្តតាមទម្លាប់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌនៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាសាធារណរដ្ឋបារាំង និងគណៈកម្មាធិការកិច្ចការបរទេសរបស់សភានៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយតបនៅនឹងគោលបំណងធំៗរបស់ឯកឧត្តម អនុប្រធានសភាបារាំង សម្តេចក្រឡាហោម ជាថ្មីម្តងទៀត បានលើកឡើងទំនាក់ទំនងស្ថាប័ន្ថនីតិបញ្ញត្តិរវាងប្រទេសទាំង២ ពិតជាមានសារៈសំខាន់ណាស់ ដោយផ្អែកលើទំនាក់ទំនង ជាប្រវត្តិសាស្ត្រ នៃកម្ពុជា បារាំង និងមានជាហូរហែ និងជាយូរឆ្នាំ កន្លងមកហើយនោះ ហើយការគាំទ្រផ្សេងៗ របស់បារាំង ដែលជួយមកដល់កម្ពុជា ជាហូរហែមកនោះដែរ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្តេចក៏សូមអរគុណចំពោះគោលបំណងនៃការជួយដល់ការអភិរក្សបិតិកភណ្ឌរបស់កម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តសៀមរាប ដែលសម្តេចបានលើកឡើងថានេះជាឱកាសមួយសម្រាប់កម្ពុជាក្នុងការផ្តល់កិច្ចសហការ ដូចជាថែរក្សានូវអ្វីដែលកម្ពុជាមាន ជាបិតិកភណ្ឌកម្ពុជានេះ ដើម្បីស្រូបទាញយកជាប្រយោជន៍ បម្រើដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏សូមអរគុណដល់ភាគីបារាំងដែលជួយដល់កិច្ចការដ៏មានសារៈសំខាន់នេះ។ ទី៣. សម្តេចក៏ឯកភាព គាំទ្រចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃគណៈកម្មធិការកិច្ចការបរទេសរបស់សភានៃប្រទេសទាំង២ ដែលបន្តធ្វើជាហូរហែរកន្លងមកនេះ។

សម្តេចក៏បានជម្រាបជូនដោយទ្រួសៗជូនដល់គណៈប្រតិភូសភាបារាំងដែរថា ចំពោះកម្ពុជា ទោះនៅក្នុងស្ថានការណ៍ណា ក៏ដោយផ្អែកទៅលើប្រវត្តិសាស្ត្រជាច្រើនឆ្នាំរបស់កម្ពុជា គឺកម្ពុជានៅតែ បន្តអនុវត្តនិងដើរតាមមាគ៌ា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះនេះជាមាគ៌ា នយោបាយមួយដែលនាំទៅដល់សុខសន្តិភាព នៅកម្ពុជា គឺកម្ពុជាមិនអាចងាករេ ពីមាគ៌ានយោបាយនេះបានឡើយ។ ចំពោះស្ថានការណ៍នយោបាយរបស់កម្ពុជាសម្តេចបានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងនោះសម្តេចក៏បានរំលឹកទៅដល់សេចក្តីថ្លែងការណ៍ដែលបានដាក់ចេញចំនួន៥ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕