(ភ្នំពេញ)៖ គ្រាន់តែបើកទំព័រឆ្នាំថ្មីឆ្នាំ២០១៩ភ្លាម ពោលតាមការគ្រោងទុកនៅអំឡុងថ្ងៃទី២១, ២២ ខែមករា ខាងមុខដ៏ខ្លីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។
ដំណឹងស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Wang wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី។
បើតាមលោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន បានពិភាក្សាគ្នាច្រើនលើបញ្ហាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសពិភាក្សាលើការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាខែក្រោយនេះ ធ្វើយ៉ាងណាឲ្យដំណើរបំពេញទស្សនកិច្ចនេះទទួលបានជោគជ័យខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់លោកឯកអគ្គរដ្ឋទូតចិនថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន គឺជាវិញ្ញាសាដ៏សំខាន់មួយបញ្ជាក់ពីសមត្ថភាពការងាររបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងនាមជាអ្នកសម្របសម្រួល។
បើតាមលោក កេត សុផាន់ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននេះ នឹងមានកិច្ចព្រមព្រៀង ក៏ដូចជាឯកសារមួយចំនួននឹងត្រូវចុះហត្ថលេខាជាមួយគ្នាផងដែរ។
នៅក្នុងជំនួបពិភាក្សានាព្រឹកមិញនេះ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ក៏បានបង្ហាញនូវជំហររបស់រដ្ឋាភិបាលចិន ក្នុងការគាំទ្រចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកម្ពុជា ក៏ដូចជានៅក្នុងសកម្មភាពផ្សេងៗលើឆាកអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅចិនជាលើកដំបូងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៩។ ផ្តើមចេញពីដំណើរទស្សនកិច្ចលើកដំបូងនោះហើយ បានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា ដឹកនាំដោយសម្តេចផ្ទាល់ ជាមួយនឹងប្រទេសចិន ត្រូវបានវិវឌ្ឍន៍កាន់តែល្អប្រសើរជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំ២០១០ ក្នុងពេលសម្តេចតេជោ បំពេញទស្សនកិច្ចនៅប្រទេសចិន។ តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឲ្យប្រជាជន និងប្រទេសទាំងពីរទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈការវិនិយោគនានា៕