សម្តេច ទៀ បាញ់ និង សម្តេច គង់ សំអុល ចុះត្រួតពិនិត្យលំហាត់ត្រៀមសាកល្បង សម្រាប់ពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងអបអរសាទរខួប២០ នៃទិវានយោបាយឈ្នះ-ឈ្នះ របស់សម្តេចជោ ហ៊ុន សែន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ និងសម្តេចចៅហ្វាវាំង​ គង់​ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះត្រួតពិនិត្យលំហាត់ត្រៀមសាកល្បង សម្រាប់ពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍២០ នៃទិវានយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បណ្តាផែនកងយោធពលខេមរភូមិន្ទ កងអង្គរក្ស កងរាជអាវុធហត្ថ យ៉ាងច្រើនកុះករ ផងដែរ។

ការចុះត្រួតពិនិត្យនេះ គឺសម្តេចពិជ័យសេនា ដែលជាប្រធាននោះ តែងតែដឹកនាំក្រុមការងារចុះត្រួតពិនិត្យឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យវិមាន ដែលជានិមិត្តរូបនៃសន្តិភាព ការបង្រួបបង្រួមជាតិខ្មែរ មួយនេះកសាងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលានៃថ្ងៃប្រារព្ធពិធី តាមការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់វិមានឈ្នះ-ឈ្នះ នេះ គឺជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។

ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមានជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

ដើម្បីអបអរសាទរសំណង់ជាប្រវត្តិសាស្ត្រ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដោយបើកឱ្យសាធារណជនទូទៅចូលទស្សនាដោយសេរីផងដែរ៕