សម្តេចពិជ័យសេនា​ ទៀ បាញ់៖ ការសាងសង់វិមានឈ្នះ-ឈ្នះ ផ្តួចផ្តើមឡើងក្រោមទស្សនទានប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ-ឈ្នះ បានលើកឡើងថា ការសាងសង់វិមានឈ្នះ-ឈ្នះ បានផ្តួចផ្តើមឡើងក្រោមទស្សនទានប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចូលរួមពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងខួប២០ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្រួបបង្រួមជាតិជាលើកដំបូងនៅកម្ពុជា។

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបន្តថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់រួមមាន៖

*ទី១៖ យើងទាំងអស់គ្នារួមសាមគ្គីគ្នា កសាងវិមានឈ្នះ-ឈ្នះ នាយុគសម័យនេះ បង្ហាញវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំរំឮកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ព្រមទាំងចារឹកឈ្មោះប្រតិបត្តិករ ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព
*ទី២៖ ជាទីកន្លែងតម្កល់ឯកសារ បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ
*ទី៣៖ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាបន្តបន្ទាប់
*ទី៤៖ ជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ស្វែងយល់នូវប្រវត្តិសាស្ត្រពិតរបស់កម្ពុជា បញ្ជាក់ពីវីរភាពពិតរបស់កូនខ្មែរសម័យនេះ និងចរិកកត់ត្រាអំពីសមត្ថភាពចំណេះដឹងតម្លៃ ពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ចាប់តាំងពីបង្កើតគណៈកម្មការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សសង្គ្រាមស៊ីវិលនៅកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ និងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន លី យ៉ុងផាត់ ដំណើរការរៀបចំទីតាំង សម្រាប់សាងសង់វិមានឈ្នះ-ឈ្នះ ដែលមានក្បាលដីប្រវែង២៧៩ម៉ែត្រ និងជម្រៅ២៨៨ម៉ែត្រ ផ្ទៃក្រឡាសរុបទំហំ៨០,៣៥២ម៉ែត្រក្រឡា ចាប់តាំងពីថ្ងៃដំបូងដែល ស្ថានភាពនៅទីនេះ សុទ្ធសឹងតែព្រៃដុះស៊ុបទ្រុប និងទឹកមានជម្រៅចាប់ពី៥ម៉ែត្រ រហូតដល់៩ម៉ែត្រ ឯណោះ៕