ខេត្តព្រះវិហារបង្ហាញសក្តានុពលនិងការរីកចំរើនរបស់ខេត្តក្នុងពេលចូលរួមទិវាជ័យជម្នះ ៧មករានៅក្នុងរាជធានីភ្នំពេញ


រដ្ឋបាលខេត្តព្រះវិហារបានដាក់តាំងបង្ហាញពីសក្តានុពល និងភាពរីកចំរើនរបស់ខ្លួនជាច្រើនក្នុង រយៈពេល៤០ឆ្នាំនៅលើរថយន្តបុស្បុកដែលបានរៀបចំយ៉ាងល្អប្រណិត ក្នុងពេលចូលរួមអបអរសាទរខួបលើកទី៤០ឆ្នាំ នៃទិវាទិវាជ័យជម្នះ៧មករា ១៩៧៩ ៧មករា ២០១៩។

លោកស្រី ជិក ហេង អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថាៈ ក្នុងឳកាសទិវាជ័យ ជន្នះ៧មករាឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនេះ រដ្ឋបាលខេត្តព្រះវិហារ បាននាំយក រូបសំណាកតំណាងពីសក្តានុពលវប្បធម៌បុរាណ នៅក្នុងខេត្តមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ ទឹកធ្លាក់ព្រះនិម្មិត ទឹកធ្លាក់លើភ្នំត្បែង ដើម្បីផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិបានទៅលេងខេត្តនេះបានកានតែច្រើនបន្ថែមទៀត។

លោកស្រី «យើងចង់បង្ហាញការលើកយកប្រាសាទព្រះវិហារមកនេះដោយទី១យើង បានបញ្ចូលជាបេតិភណ្ឌពិភពលោកទី២ទៀតយើងចង់បង្ហាញឲ្យមហាជនទូទៅបានយល់ថាព្រះវិហារនិងមានវិស័យទេសចរណ៍សំខាន់លើវិស័យទេសចរណ៍ផង ផ្ដោតសំខាន់លើការចូលរួមថែរក្សាវប្បធម៌ជាតិរបស់យើងផង»។

លោកស្រីអភិបាលរងខេត្តបានឲ្យដឹងទៀតថា ក្រៅពីសក្តានុពលវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្ត ក៏បានបង្ហាញពីភាពរីកចំរើននៃវិស័យផ្សេងៗទៀត ដូចជាៈវិស័យធារាសាស្រ្ត កសិកម្ម ឧស្សាហកម្ម ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ។លោកស្រីមានប្រសាសន៍បន្តថា ចំពោះវត្តមានរបស់ យុវជនយុវនារី និងសិស្សានុសិស្សដែលបានចូលរួមហែរក្បូននេះ ក្នុងគោលដៅចង់អោយក្មេងជំនាន់ក្រោយបានស្វែងយល់ពីគុណតម្លៃ នៃទិវាជ័យជម្នះ ៧មករា ដែលផ្តួលរំលំបានជោគជ័យលើរបបប្រល័យពូជសាសន៍ហើយរំដោះប្រទេសកម្ពុជាឲ្យមានសុខសន្តិភាពនិងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

លោកស្រី បន្ថែមថាចង់អោយប្អូនៗទាំងអស់ចូលរួមអោយដឹងគុណអ្វីដែល រាជរដ្ឋាភិបាលយើង បានរំដោះយើងអោយរួចចាកផុតពីភាពខ្មៅងងឹតតែម្តង គឺមានតែកាបំផ្លិចបំផ្លាញ មិនមានការកសាងអ្វីឡើយ ។ដូច្នេះយើងអោយប្អូនទាំងអស់គ្នាយល់ដឹង ហើយ ចូលរួមថែរក្សាសន្តិភាពរបស់យើង តពីជំនាន់យើងទៅអោយគាត់ខិតខំថែរក្សាអោយគង់វង្ស ដើម្បីស្រុកយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍកាន់តែជឿនលឿនដូចប្រទេសជិតខាង។

លោក វុធ ធារ៉ូ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមក្នុងព្រឹត្តការណ៍ដ៏សំខាន់នេះព្រោះថាគឺ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់ជាតិយើង។ លោកបន្តថា ការមានអ្វីៗ និង មានជីវិតរស់រានមកដល់សព្វថ្ងៃនេះ គឺដោយសារគុណបំណាច់ថ្ងៃ៧មករានេះ។

លោកបញ្ជាក់ថា(ខ្ញុំក៏ដូចជាខាងបងប្អូនដ៏ទៃដែរ ចង់រក្សាសន្តិភាព ស្ថេរភាពនយោបាយ អោយនៅគង់វង្ស អោយប្រទេសមានការរីកចំរើន។ អញ្ចឹងមានតែយើងខ្មែរដូចគ្នា យើងត្រូវរួបរួមសាមគ្គីគ្នា ស្រលាញ់គ្នាជាធ្លង់មួយ ហើយមិនត្រូវបែកបាក់សាមគ្គី។ យើងទាំងអស់គ្នានេះ យើងដឹងហើយថាម្នាក់ៗចង់អោយមាន ការរីកចំរើន ប្រទេសរបស់យើងមានសុខសន្តិភាព)។

សូមបញ្ជាក់ថាៈ ក្នុងឳកាសទិវាជ័យជន្នះ៧មករានេះ គ្រប់បណ្តារាជធានី ខេត្ត មានការហែរក្បួនរថយន្តបុស្បុកជាច្រើន ដើម្បីបង្ហាញពីសក្តានុពលខេត្តរបស់ខ្លួនក្នុងរយៈពេល៤០ឆ្នាំ ដើម្បីចូលរួមអបអរសាទរ ទិវាជ័យជម្នះ ៧មករា ខួបលើកទី៤០៕