សម្តេចតេជោ ហ៊ុន សែន៖ សុខសន្តិភាពនៅកម្ពុជា កំពុងទាក់ទាញអ្នកទេសចរ និងពាណិជ្ជករមកកាន់កម្ពុជា


(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមកំពុងទាក់ទាញអ្នកទេសចរ និងពាណិជ្ជករបរទេសយ៉ាងច្រើនមកទស្សនា និងវិនិយោគនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមកសាង និងអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅលើ Facebook នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះថា «យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ស្ថិរភាពនយោបាយ និងសង្គមជាមួយឱកាសមាសនៅកម្ពុជា គឺកំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេសយ៉ាងច្រើនមកទស្សនា និងវិនិយោគនៅប្រទេសយើង។ សុំអរគុណក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសទាំងអស់ដែលមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយបានចូលរួមកសាង និងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ»។

កម្ពុជាដែលពើបប្រទះភ័ព្វវាសនាអាក្រក់ញ៉ាំញីដោយភ្លើងសង្គ្រាមអស់រយៈពេល៣ទសវត្សរ៍ បានមានសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិរយៈពេល២០ឆ្នាំហើយគិតចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ សុខសន្តិភាពនេះ​ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានការអភិវឌ្ឍដ៏ល្អប្រសើរមួយក្នុងរយៈពេលប្រមាណ ២ទសវត្សរ៍មកហើយជាអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយជារៀងរាល់ឆ្នាំ។

សុខសន្តិភាពនេះ ក៏បានទាក់ទាញអ្នកទេសចរមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។ បច្ចុប្បន្នកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៦លាននាក់ក្នុងមួយឆ្នាំ។ ជាមួយគ្នានោះការវិនិយោគពីបរទេសក៏មានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ។

កំណើនទេសចរ និងការវិនិយោគពីបរទេស បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានធ្វើឲ្យជីវភាពរបស់ពួកគេបានកាន់តែប្រសើរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា សម្តេចរំភើបរីករាយដែលបានឃើញប្រជាពលរដ្ឋខ្មែរមានឱកាសកាន់តែច្រើនឡើងក្នុងការកសាងសង្គមគ្រួសារឲ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមម្លប់នៃសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ៕