គណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមីទ្ទីញខួបអនុស្សាវរីយលើកទី៤០ ទិវាជ័យជម្នះ៧មករា


នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមីទ្ទីញខួបអនុស្សាវរីយលើកទី៤០ ទិវាជ័យជម្នះ៧មករា នៅទីក្រុងអានសាន់ ក្នុងបរិយាកាសរីករាយ អធិកអធមបង្កប់ដោយអត្ថន័យខ្ពស់ ដោយបានអញ្ជើញ សកម្មជន សមាជិក-សមាជិកាគណបក្សពីគ្រប់តំបន់ និងភ្ញៀវកិត្តិយសចូលរួមបានជាង៤០០នាក់ ។

ទន្ទឹមនឹងការប្រារព្វមីទ្ទីញនេះ គណៈកម្មាធិការគណបក្សក៏បានរៀបចំសន្និបាតប្រចាំឆ្នាំ ដើម្បីបូកសរុប ត្រួតពិនិត្យរបាយការណ៍សកម្មភាពការងារ របស់គណៈកម្មាធិការគណបក្សឆ្នាំ ២០១៨ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០១៩ ជាពិសេសបានផ្សព្វផ្សាយនូវខ្លឹមសារដ៏មានអត្ថន័យជ្រាលជ្រៅបំផុត នៃសេចក្ដីថ្លៃងការណ៍នយោបាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមហាមីទ្ទិញរំលឹកខួបអនុស្សាវរីយលើកទី៤០ ទិវាជ័យជម្នះ៧មករា និងខ្លឹមសារនៃគោលនយោបាយឈ្នះ ឈ្នះរបស់ សម្ដេចតេជោ ក្នុងការបង្រួបបង្រួមជាតិ ពន្លត់ភ្លើងសង្រ្គាម ព្រមទាំងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី V។

ក្នុងនោះក៏បានបញ្ចាំងបន្ថែមនូវវីដេអូឯកសារដ៏មានសារៈសំខាន់ចំនួន ៤ រួមមាន៖ឃ្លីបវីដេអូ អរគុណ៧មករា, មាគ៌ាតេជោ, មរតក៧មករា និងអំពីកម្ពុជា អតីតកាល បច្ចុប្បន្ន និងអនាគត។

បន្ថែមពីនេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបន្ដសហការជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសកូរ៉េ បន្ដរៀបចំមីទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧មករា និងទទួលទានអារហារសាមគ្គីនៅតាមសាខាគណបក្សដូចជា៖
– សាខាគណបក្សទីក្រុងគីមផូ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញសកម្មជន និងសមាជិក គណបក្ស ចូលរួមចំនួន ៤៥នាក់។

– សាខាគណបក្សទីក្រុងក្វាងជូធំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ៤០នាក់។

– សាខាគណបក្សទីក្រុងស៊ូវ៉ុន គ្រោងរៀបចំនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ និងអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ១០០នាក់។

– សាខាគណបក្សទីក្រុងអ៊ឺយចងប៊ូ គ្រោងរៀបចំនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ និងអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ៥០នាក់។

– សាខាគណបក្សទីក្រុងប៊ូសាន គីមហេ សាសាង និងឆាងវ៉ុន គ្រោងរៀបចំនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ១០០នាក់។