ជប៉ុនមើលឃើញថា សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះរីកចម្រើនខ្លាំង ហើយសន្យាគាំទ្រកម្ពុជាបន្ថែមទៀត


(សៀមរាប)៖ ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រតិភូជប៉ុន ​ដឹកនាំដោយលោក តាគុជិ យ៉ាណាជីម៉ូតុ (Takuji YANAGIMOTO) សមាជិកព្រឹទ្ធសភាជប៉ុន បានមើលឃើញថា សេដ្ឋកិច្ចកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនខ្លាំង ហើយជប៉ុននឹងគាំទ្រកម្ពុជាបន្ថែមទៀត។

នេះបើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកសារព័ត៌មាន​ ក្រោយបញ្ចប់ជំនួបនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទីទឹកដីអង្គរ ខេត្តសៀមរាប។

នៅក្នុងជំនួបនេះ លោក តាគុជិ យ៉ាណាជីម៉ូតុ បានគោរពថ្លែងអំណរគុណ ជូនសម្ដេចតេជោ ហ៊ុន សែន ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដល់ប្រតិភូរបស់លោក មកកាន់កម្ពុជាពេលនេះ ហើយលោកសូមសម្ដែង នូវការអបអរសាទរ ចំពោះជោគជ័យ​ដែលទទួលបាននា​កិច្ចប្រជុំសមាជិកសភាស្ត្រី នៃវេទិការអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងសៀមរាបនេះ។​

លោកក៏បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ដោយបានកត់សម្គាល់ឃើញថា នៅពេលនេះ​អ្នកវិនិយោគជប៉ុន ក៏បានចាប់ផ្ដើមមកវិនិយោគ នៅ​ប្រទេសកម្ពុជា​កាន់តែច្រើន, ប្រជាជន និងប្រជាជន ក៏មានទំនាក់ទំនងល្អផងដែរ។ ពីនោះទៅទៀតសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែមានសន្ទុះ រីកចម្រើនយ៉ាងលឿន ដែលនេះជាការឆ្លុះបញ្ចាំង នូវកិច្ចប្រឹងប្រែងដ៏ល្អ​របស់កម្ពុជា​ង។ ក្នុងន័យនេះ លោក​ក៏បានគោរពជម្រាបជូន សម្ដេច​ថា​ជប៉ុននឹងបន្តគាំទ្រកម្ពុជាថែមទៀត។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​ជូនចំពោះលោក តាគុជី ព្រមទាំងគណៈប្រតិភូទាំងមូល ដែលបានមកចូលរួមកិច្ចប្រជុំ APPF នេះ ហើយក៏បានមានប្រសាសន៍ផងដែរថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ដោយជប៉ុនបានបញ្ជូន កម្លាំងប្រតិបត្តិការថែរក្សា សន្តិភាព មកកម្ពុជាជាលើកដំបូង ហើយពីលើសនោះទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោត ឆ្នាំ១៩៩៣ ជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជា ជាពិសេសលើ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រទេសកម្ពុជា៕​