ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារក្រសួង និងបេសកកម្មរបស់ ADB ចុះធ្វើការពិនិត្យលើលទ្ធផលការងារក្នុងតំបន់អនុវត្តគម្រោង ADB នៅក្នុងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ខេត្តកំពង់ធំ


កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ ស៊ីណាត អនុដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងបេសកកម្មរបស់ ADB ចុះធ្វើការពិនិត្យលើលទ្ធផលការងារក្នុងតំបន់អនុវត្តគម្រោង ADB នៅក្នុងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ៖
១ ពិនិត្យលើលទ្ធផលការងារសម្រេចបានក្នុងអនុគម្រោង CW01, CW03, និងCW04 ក្នុងឃុំតាំងក្រសាំង ឃុំទីពោរ ឃុំជ្រប់ ឃុំកកោះ និងឆ្លងកាត់ផ្លូវជាតិលេខ ៦ ជាប្រព័ន្ធប្រឡាយរូងក្រោមដី អូសទឹកពីប្រព័ន្ធធារាសាស្រ្ត តាំងក្រសាំង ទៅស្រោចស្រពក្នុងតំបន់ផលិតស្រែប្រាំងរបស់ខេត្តកំពង់ធំ ក្នុងតំបន់១ និងតំបន់២ ផលិតឲ្យបាន ៣ ដង ក្នុង ១ ឆ្នាំ។

២ ពិនិត្យលើការតភ្ជាប់បញ្ចូលគ្នារវាងអាងទឹកតាំងក្រសាំង និងអាងទឹកស្ទឹងជីនិតឲ្យក្លាយទៅជាប្រភពទឹករស់ ធ្វើការផ្គត់ផ្គង់ទឹកបានយ៉ាងរស់រវើកទាំងរដូវប្រាំង និងរដូវវស្សា បម្រើឲ្យការផលិតបានតាមតម្រូវការបានដោយជោគជ័យបំផុត ។

៣ ពិនិត្យលើលទ្ធផលការងារបង្កើត និងអភិវឌ្ឍន៏សហគមន៏កសិករប្រើប្រាស់ទឹក ដើម្បីធានានិរន្តរភាពលើការប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកក្នុងប្រព័ន្ធធារាសាស្រ្តឲ្យមានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងនេះ ក្រោយសង្គ្រមមក ជាតំបន់ដែលទុកចោល ប្រព័ន្ធធារាសាស្រ្តប្រើមិនកើត ជាតំបន់ដីខ្សាច់ ហើយខ្សោយ គ្មានទឹកប្រើប្រាស់សម្រាប់មនុស្ស និងសត្វ ។

ឈរលើមូលដ្ឋានដ៏លំបាកនេះ និងយោងតាមសំណើចាំបាច់របស់បងប្អូនប្រជាកសិករ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដ៏ទទូច ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំបញ្ជាផ្ទាល់បន្ទាន់បំផុត ធ្វើការសិក្សាគ្រោងប្លង់ធ្វើការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុំការសម្រេចដ៏ខ្ពង់ខ្ពស់។ គម្រោងងនេះត្រូវទទួលបានការនូវការអនុម័តដោយជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរិញវត្ថុ និង ADB ។

ដោយសារលទ្ធផលដ៏ជោគជ័យនៃគម្រោងខាងលើនេះ ធ្វើឲ្យថ្មីៗនេះ និងថ្មីបំផុត គឺកិច្ចប្រជុំនៅ ADB HQ បណ្តា DG និង Director របស់ ADB បានធ្វើការកោតសរសើរ យ៉ាងខ្លាំងដល់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម ។