អាជ្ញាធរជាតិអប្សរាសហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោង PAAGERA(ប៉ាជឺរ៉ា) បាននឹងកំពុងអនុវត្តសាកល្បងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ខ្នាតតូចមួយកន្លែងស្ថិតនៅភូមិរហាល សង្គាត់នគរធំ ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ ប្រព័ន្ធចម្រោះទឹកនេះត្រូវបានអនុវត្តក្នុងបំណងលើកកម្ពស់សុខមាលភាព អនាម័យរបស់ប្រជាជននិងកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី។
លោក ឡៃ ប៉ូទី បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកបានលើកឡើងថាគម្រោងនេះគឺជាប្រព័ន្ធសុវុឌ្ឍិកម្មទឹក ដែលប្រមូលទឹកកខ្វក់នៅតាមបង្គន់របស់ប្រជាជនយកទៅចម្រោះដោយប្រព័ន្ធស្វ័យប្រវត្តិ ព្រមទាំងធ្វើឲ្យប្រជាជនរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានការរស់នៅក្នុងភាពប្រសើរនិងស្អាតជាងពេលមុន។ ក្នុងជំហានសាកល្បង គម្រោងនេះបានធ្វើការតភ្ជាប់ប្រព័ន្ធចម្រោះជាបណ្តាញតាមបង្គន់អនាម័យរបស់ប្រជាជនចំនួន២៨ខ្នងផ្ទះ ដោយប្រើពេលចំនួនបីខែ និងគ្រោងបញ្ចប់នៅចុងខែមករា ឬដើមខែ កុម្ភៈ ឆ្នាំ២០១៩ខាងមុខ។
អ្នកស្រី ទេព ព្រឿន ជាអ្នកភូមិដែលទទួលបានការតបណ្តាញចម្រុះទឹកកខ្វក់បានលើកឡើងថាបង្គន់អនាម័យរបស់គាត់បានកសាងឡើងជាង១០ឆ្នាំមុន តែពុំដែលបានរៀបចំឲ្យមានប្រព័ន្ធចម្រោះនោះទេ ដូច្នេះទឹកកខ្វក់និងមេរោគគឺមាននៅជុំវិញទីនោះ។ អ្នកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន ជាពិសេសការបណ្តុះបណ្តាលដល់ប្រជាជនឲ្យចេះរស់នៅស្អាតនិងមានអនាម័យដើម្បីកាត់បន្ថយនូវប្រភពមេរោគនិងជំងឺទាំងឡាយដែលអាចកើតមាន។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់បងប្អូនរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដូចជា អនុញ្ញាតឱ្យមានការជួសជុលកែលម្អផ្ទះ បង្គន់អនាម័យ និងកសាងផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័នរូបវន្តចាំបាច់ផ្សេងៗដើម្បីលើកកម្ពស់ស្ថានភាពរស់នៅឲ្យកាន់តែល្អប្រសើនិងមានចំណូលកាន់តែខ្ពស់៕