ឯកឧត្ដម ឃួង ស្រេង និងនិងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធគិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨


គិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(អូរពងមាន់) ត្រូវបានសម្ភោធជាផ្លូវការនាព្រឹកថ្ងៃសៅរ៍​ ០៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុី​ណា ឃួង ស្រេង​។

នេះជាលើកទី២ហើយដែលគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ក្រោយពីបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញកាលពីថ្ងៃទី១៥​ខែកញ្ញា ឆ្នាំ២០១៧។ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាជាមួយកងពលតូច អន្តរាគម​ន៍លេខ១២៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកជំទាវ ជា សុី​ណា ឃួងស្រេង​បានផ្តល់ជូនអំណោយរបស់សម្តេចតេជោរួមមានថវិកា គ្រឿង​ឧបភោគ​បរិភោគ ប្រេងម៉ាស៊ូត​ប្រេងសាំង ស័ង្កសី ដែកគោលចំរុះ និងរួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕