ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩


នៅថ្ងៃសុក្រ ៥រោច និងថ្ងៃសៅរិ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាប្រមាណ ៦០០នាក់ ព្រមទាំងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រមាណ ២២០នាក់។ សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារចម្បងៗសម្រាប់ឆ្នាំ២០១៩ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។ ទន្ទឹមនេះ សន្និបាតនេះក៏ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃប្រតិបត្តិការធនាគារជាតិនៃកម្ពុជាផងដែរ។