រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានអញ្ជើញដល់ទឹកដីអង្គរហើយ ដើម្បី​បំពេញទស្សនកិច្ច​ផ្លូវការនៅកម្ពុជា រយៈពេល​៥ថ្ងៃ


(សៀមរាប)​៖ ឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈប្រជាមានិតចិន បានមកដល់ក្រុងសៀមរាប-អង្គរ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅ​កម្ពុជា​រយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែមករា ឆ្នាំ២០១៩។

ការអញ្ជើញមកដល់ព្រលានយន្ដហោះអន្តរជាតិសៀមរាប ​មានការទទួលស្វាគមន៍ពីឯកឧត្តម ហោ មុន្នីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍, អាជ្ញាធរខេត្តសៀមរាប, និងថ្នាក់ដឹកនាំពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ ឯកឧត្តមនឹងចូលរួម​អបអរសាទរ ទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា​ដំបូង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩​។ បើតាមគម្រោង​សម្រាប់ដំណើរទស្សនកិច្ចនៅសៀមរាប ឯកឧត្តមនឹងទស្សនាប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រសាទតាព្រហ្ម, ប្រាសាទតាកែវ, ប្រាសាទចៅសាយទេវតា, ប្រាសាទបន្ទាយស្រី និងប្រាសាទមួយចំនួនទៀត នៃតំបន់រមណីយដ្ឋានអង្គរ​ផងដែរ ទើបបន្ដ​ទស្សនាសារៈមន្ទីរជាតិ និងគ្រោងជួបថ្នាក់ដឹកនាំខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី២៩ ខែមករា ឯកឧត្តមរដ្ឋមន្ដ្រីនឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ហើយនៅពេលរសៀល ឯកឧត្តមនឹងជួបឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​។ លុះនៅព្រឹកថ្ងៃទី៣០ ​ឯកឧត្តមនឹងជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅវិមានសន្ដិភាព។ បន្ទាប់មក ឯកឧត្តមនឹងជួបលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ដោយឡែក នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមនឹងចូលរួមអបអរសាទរ ទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា ដំបូង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១​៩ នៅសាលមហោស្រពចតុមុខ៕