ឯកឧត្តម​បណ្ឌិត ហង់ ជួន ណារ៉ុន៖ ​ការ​អប់រំរួម​ចំណែក​​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក


រាជធានី​ភ្នំពេញ៖ “ការ​អប់រំរួម​ចំណែក​​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក” នេះ​ជា​ប្រសាសន៍​ឯកឧត្តម​បណ្ឌិត​សភាចារ្យ
ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី របាយការណ៍​ពិនិត្យ​តាមដាន​ការ​អប់រំ​សាកល​ឆ្នាំ​២០១៩ (Global Education Monitoring Report 2019) របស់​អង្គការ​យូណេស្កូ ក្រោម​ប្រធាន​បទ “ការ​ធ្វើ​ចំណាក​ស្រុក ការ​ផ្លាស់​ទី​លំនៅ​ដោយ​បង្ខំ និង​ការ​អប់រំ៖ សង់​ស្ពាន​ចម្លង មិនមែន​សង់​ជញ្ជាំង​នោះ​ទេ”។​​​

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោលដៅ​លុប​បំបាត់​ការ​រើស​អើង​ជន​ចំណាក​ស្រុក និង​អ្នក​ផ្លាស់​ទី​​​ ធានា​​ឱ្យ​បាន​នូវ​ការ​ផ្ដល់​ឱកាស​​អប់រំ​​ដល់​ពួកគេ​​ដូច​​គ្នា​នឹង​សិស្ស​ដទៃ​ទៀត​ ដើម្បី​បណ្ដុះ​ធនធាន​មនុស្ស​ទូទាំង​សាកល​លោក ជំរុញ​ការ​អភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ដែល​ពួកគេ​កំពុង​​រស់​នៅ​ ប៉ុន្តែ​ក្នុង​ប្រទេស​កំណើត​​​ពួកគេ​​ផង​ដែរ។​​​​

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​លើ​ប្រធាន​បទ​ខាងលើ ព្រមទាំង​មាន​ការ​​ចូលរួម​ពី​សំណាក់​មន្ដ្រី​អប់រំ ស្ថាប័ន​ពាក់ព័ន្ធ គ្រឹះស្ថានឧត្ដមសិក្សា ដៃ​គូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា៕