ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ប្រកាសតែងតាំងលោកជួប រតនា ជាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះថ្មី និងណែនាំឲ្យពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្ត


(ក្រចេះ)៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ជួប រតនា ចូលកាន់តំណែងជាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមត្ថកិច្ច មន្ទីរ អង្គភាពជុំវិញខេត្ត ផ្នែកឯកជន និងសិស្ស និស្សិតប្រមាណជាង៣០០នាក់។

បន្ទាប់ពីការឡើងអានរបាយការណ៍លទ្ធផលអនុវត្តការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តរបស់មន្ទីរទេសចរណ៍ខេត្ត ការអានប្រកាសតែងតាំងប្រធានមន្ទីរ ការប្រគល់លិខិតប្រកាស និងត្រាជូនប្រធានមន្ទីរ ការឡើងប្តេជ្ញាចិត្តរបស់ប្រធានមន្ទីរទេសចរណ៍ថ្មី និងការមានមតិយោបល់របស់អភិបាលខេត្តរួចមក ឯកឧត្តម ថោង ខុន បានលើកឡើងពីសភាពការណ៍វិវត្តន៍រីកចម្រើននៃវិស័យទេសចរណ៍សកលលោក តំបន់ និងកម្ពុជា និងបានរំលេចអំពីសារសំខាន់នៃវិស័យទេសចរណ៍ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃខេត្តក្រចេះ ដែលរាជរដ្ឋាភិបាលមានគម្រោងរៀបចំខេត្តនេះឲ្យទៅជាគោលដៅទេសចរណ៍លំដាប់ទីពីរ (Secondary Destination) និងជាទីក្រុងបេតិកភណ្ឌផងដែរ។ លោកក៏បានលើកឡើងពីសារសំខាន់នៃសត្វផ្សោតទន្លេមេគង្គ ដែលជាភាពទោលរបស់កម្ពុជា ហើយដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្តល់ជំនួយតាមរយៈគម្រោងអភិរក្ស និងអភិវឌ្ឍសត្វផ្សោត ដែលមានឈ្មោះថា Mekong Discovery Trails និងបានធ្វើឲ្យពិភពលោកស្គាល់ច្បាស់ពីសត្វផ្សោតទន្លេមេគង្គកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកនូវទិសស្លោកមួយថា “មានផ្សោតទើបមានទេសចរ គ្មានផ្សោតគឺគ្មានទេសចរ” ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍតំបន់ទេសចរណ៍អន្លង់ផ្សោតនេះឲ្យបានល្អ និងមាននិរន្តរភាព (សព្វថ្ងៃ ផ្សោតបានបង្កើតកូនបន្តថែមទៀតហើយ)។ ជាងនេះទៅទៀត ខេត្តក្រចេះក៏មានផលិតផលទេសចរណ៍ល្បីៗជាច្រើនទៀត (ដូចជាក្រឡាន ក្រូចថ្លុង…) តំបន់ទេសចរណ៍ និងសហគមន៍ទេសចរណ៍ជាច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មឲ្យស្របតាមស្តង់ដា។

ក្នុងពិធីប្រកាសចូលកាន់តំណែងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ការផ្លាស់ប្តូរមុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ នាពេលនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តក្រចេះ ឱ្យមានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព។

ដើម្បីបន្តនិរន្តរភាពការងារ ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តក្រចេះ លោក ថោង ខុន បានណែនាំដល់លោកប្រធានមន្ទីរថ្មី និងមន្រ្តីរាជការក្រោមឱវាទយកចិត្តទុកដាក់អនុវត្តលើការងារសំខាន់ៗ ដូចខាងក្រោម៖
១. រៀបចំឲ្យមានផែនការយុទ្ធសាស្ត្រវិស័យទេសចរណ៍ខេត្តក្រចេះ ឆ្លើយតបតាមផែនការយុទ្ធសាស្ត្រទេសចរណ៍ជាតិ តំបន់ និងសកលលោក។
២. ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងខេត្ត។
៣. បង្កើតផលិតផលទេសចរណ៍ថ្មីៗ (ពង្រឹងផលិតផលដែលមានស្រាប់ និងបង្កើតថ្មី)
៤. ខិតខំអភិវឌ្ឍខេត្តក្រចេះជាគោលដៅទេសចរណ៍លំដាប់ទី២ និងជាទីក្រុងបេតិកភណ្ឌ។
៥. បង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗដូចជា សកម្មភាពទេសចរណ៍នៅលើឆ្នេរខ្សាច់ កីឡាលើឆ្នេរ លើទឹក…។
៦. ពង្រឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតដោយត្រូវពង្រឹងបញ្ជរព័ត៌មានទេសចរណ៍ បង្គន់អនាម័យសាធារណៈ សោភ័ណភាព អនាម័យ បរិស្ថានប្រកបដោយភាពស្អាត និងបៃតង។ ខិតខំដណ្តើមឲ្យបានផ្ការំដួល៣ទង និងរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅឆ្នាំ២០២៣។
៧. ត្រូវពង្រឹងគុណភាព និងសេវាកម្មកាណូត និងទូកទេសចរណ៍ឲ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស និងស្តង់ដា ឯកសណ្ឋានអ្នកបើកបរកាណូតទេសចរណ៍ ។ល។
៨. ត្រូវពិនិត្យកែសម្រួលរចនាសម្ព័ន្ធចាត់តាំង និងគ្រប់គ្រងមន្ត្រីឲ្យបានល្អ ដោយត្រូវតែងតាំងមន្ត្រីទៅតាមមុខតំណែងដែលខ្វះចន្លោះ និងប្រើប្រាស់មន្ត្រីកិច្ចសន្យាឲ្យបានត្រឹមត្រូវ។
៩. ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងមន្ទីរឲ្យបានល្អ។
១០. ត្រូវគោរពការដឹកនាំរបស់អភិបាលខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ការដឹកនាំផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ មានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ (ដោយចាត់ទុកខេត្តជាឪពុក ក្រសួងទេសចរណ៍ជាម្តាយ)។

នៅថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តបានចុះទៅពិនិត្យរមណីយដ្ឋានទេសចរណ៍ព្សត្វផ្សោតព្រែកកាំពី និងសហគមន៍ទេសចរណ៍កោះទ្រង់ ហើយលោករដ្ឋមន្ត្រីក៏បានណែនាំដល់លោកប្រធានមន្ទីរទេសចរណ៍ថ្មីត្រូវយកចិត្តទុកដាក់រៀបចំ និងកែលំអហេដ្ឋារចនាសម្ព័ន្ធអោយបានល្អតាមស្តង់ដា (ដូចជា បញ្ជរព័ត៌មានទេសចរណ៍ ចំណតរថយន្ត អាហារដ្ឋាន តូបលក់ដូរ បង្គន់អនាម័យ កាណូតទេសចរណ៍ និងសេវាកម្មបម្រើនានាទៀត)។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានចុះពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Le Tonle នៅខេត្តក្រចេះ ដែលមានបង្រៀនជំនាញទេសចរណ៍ផ្នែកចុងភៅ ផ្នែកគេហកិច្ច ផ្នែកការិយាល័យជួរមុខ និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

គួរកត់សម្គាល់ថា នៅឆ្នាំ២០១៨ ខេត្តក្រចេះទទួលបានទេសចរសរុបចំនួន ៣៤៩.១៨៦នាក់ (កើនឡើង១៥,២២%ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧) ក្នុងនោះទេសចរជាតិ ៣២៣.១៩៦នាក់ និងទេសចរអន្តរជាតិចំនួន ២៥.៩៩០នាក់ (ក្នុងនោះភាគច្រើនជាជនជាតិបារាំង)៕