ឯកឧត្តម អ៊ុន ចាន់ដា ស្នើឲ្យបង្កើននូវយន្តការត្រួតពិនិត្យតាមដានការអនុវត្តគោលនយោបាយ គាំពារសង្គមឲ្យទទួលបានប្រសិទ្ធភាព ចិរភាព និងបរិយាប័ន្ន


ព្រឹកថ្ងៃព្រហស្បតិ៍ ០២ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយស្តីពីការអនុវត្តន៍របបសន្តិសុខសង្គម និងពិធីប្រគល់ ទទួលប័ណ្ណសមាជិកបេឡា ជាតិរបបសន្តិសុខសង្គម(បសស) ជូនដល់មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្រុង ស្រុក និងមន្រ្តីកិច្ចសន្យា នៅសាលាខេត្តព្រះវិហារ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថាៈ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន យើងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពគាំពារសង្គមនានាក្នុងគោលបំណងកសាងធនធានមនុស្ស និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចមន្រ្តីរាជការតាមរយះការដាក់ចេញ នូវគោលនយោបាយជាតិគាំពារសង្គម(២០១៦- ២០២៥)ដែលផ្តោតសំខាន់លើសសរស្តម្ភចំនួន ២គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម (សោធន ការថែទាំសុខភាព ហានិភ័យការងារ និកម្ម និងពិការភាព)។

លើសពីនេះទៅទៀតឯកឧត្តមអភិបាល បានស្នើឲ្យភ្នាក់ងារបេឡាជាតិសន្តិសុខសង្គមបង្កើននូវយន្តការត្រួតពិនិត្យតាមដានលើការអនុវត្តគោលនយោបាយគាំពារនៃការអនុវត្តរបស់មន្រ្តី សុខាភិបាល ពេទ្យជំនាញ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពរដ្ឋ ធ្វើយ៉ាងណា ធានាបាននូវការអនុវត្តគោលនយោបាយប្រកប ដោយប្រសិទ្ធភាព ចិរភាពនិងបរិយាប័ន្ន។

សូមបញ្ជាក់ថា ៖បណ្ណ័(ប ស ស) ចំនួន ៣០៨ប័ណ្ណត្រូវបានចែកជូនដល់មន្រ្តីរាជការសាលាខេត្ត ក្រុង ស្រុក និងមន្រ្តីកិច្ចសន្យាទូទាំងខេត្តព្រះវិហារ។