ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការប្រកាសថា លោក សម រង្សី នៅតែត្រឡប់មកវិញ គឺជាល្បិចកលបោកប្រាស់


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការប្រកាសថា លោក សម រង្សី នៅតែត្រឡប់មកវិញ គឺជាល្បិចកលបោកប្រាស់ ដើម្បីពន្យាពេលប្រមូលប្រាក់ឲ្យបានគ្រប់ចំនួន៣០ម៉ឺនដុល្លារពីអ្នកគាំទ្រនៅក្រៅប្រទេស។

លោក សម រង្ស៊ីប្រកាសថា នឹងចូលស្រុកវិញ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩នេះ ប៉ុន្តែគម្រោងនៃការមកវិញនេះ ត្រូវបានប្រកាសលុបចោលទៅវិញ ដោយហេតុថា មកវិញអាជ្ញាធរនឹងចាប់ខ្លួន។ ប៉ុន្តែលោកស្រី មូរ សុខហួរ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ កុម្ភៈថា លោក សម រង្ស៊ីមិនបានលុបចោលការវិលមកវិញទេ ។ លោកស្រីថា ការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅស្រុកខ្មែរនេះ ដើម្បីទៅតស៊ូក្នុងការបុព្វហេតុ ដោះស្រាយបញ្ហាចំណាកស្រុក បញ្ហាគ្មានទីផ្សារលក់កសិផលរបស់កសិករ បញ្ហាកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ។

យោងតាមបណ្ដាញសង្គមតេក្រាមរបស់ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា មេព្រាយកន្ទោងខៀវ (លោកស្រី មូរ សុខហួរ) បន្តបោក ខណៈមេក្លោងឧទ្ទាមរត់ចោលស្រុក បានប្រកាសថា មិនហ៊ានចូលស្រុកទេនោះ ស្រាប់មេព្រាយកន្ទោងខៀវ ឈ្មោះយាយហួរ នៅតែនិយាយថា ផែនការចូលស្រុករបស់លោក សម រង្ស៊ីនៅដដែល ។

ឯកឧត្តមបន្តថា “ការប្រកាសនៅដដែលនេះ គឺជាល្បិចបន្តបោក ដើម្បីពន្យាពេលប្រមូលប្រាក់ឲ្យបានគ្រប់ចំនួន៣០ម៉ឺនដុល្លារសិន ឯការពិតនៃការវិលចូលស្រុកនោះ នៅតែដដែល គឺអត់ទៅទេ” ៕