ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចពិភាក្សាស្តីពីការពង្រឹងលើកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ


ក្រចេះ ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សរិទ្ឋស័ក ព.ស រាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ រៀបចំកិច្ចពិភាក្សាស្តីពីការពង្រឹងលើកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ នៅក្នុងបរិវេណសាលាខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តក្រចេះចូលរួមជាច្រើននាក់។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានចាត់ទុកថា វេទិការនៅពេលនេះ ជំរុញឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ឋអនុវត្តតួនាទីភារៈកិច្ច កាន់តែមានប្រសិទ្ឋភាព ក្នុងការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ។
ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ឋនៃខេត្តក្រចេះ សហការចូលរួមយកចិត្តទុកដាក់បន្ថែមទៀត ដល់កិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ជាពិសេសការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាក្រសួងបរិស្ថាន ត្រៀមលក្ខណៈផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀត ទាក់ទងទៅនឹងច្បាប់ បទដ្ឋានគតិយុត្តិផ្សេងៗ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ជាពិសេសអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១១៣ អនក្របក ស្តីពីការគ្រប់គ្រងសំណល់រឹង ( សម្រាម ) និងអនុក្រឹត្យលេខ២៣៥ អនក្របក ស្តីពីការគ្រប់គ្រងលូ តាមរយៈមន្រ្តីជំនាញរបស់ក្រសួងនៅខេត្តក្រចេះ ដើម្បីពង្រឹងការគ្រប់គ្រេងអនាម័យបរិស្ថានកាន់តែប្រសើរ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមានកិច្ចសហការល្អថែមទៀត ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងសម្រាមនៅលើទីលាន ដែលអាជ្ញាធរខេត្តបានរៀបចំជាពិសេសការកាត់បន្ថយសំរាម ចាក់នៅលើទីលាន ដោយលើកទឹកចិត្តឱ្យមានការញែកប្រភេទសំរាម និងការបញ្ចេញសំរាមពីទីលានសម្រាប់លក់ជាអេតចាយផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់បានលើកឡើងផងដែរ ពីការយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ និងនៅក្បែរតំបន់ការពារធម្មជាតិ ដោយគម្រោងក្រសួងបរិស្ថាន ដែលអាចបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ សម្រាប់បង្កើនជីវភាពបន្ថែមនិងកាត់បន្ថយពីការដាក់សំពាធលើធនធានធម្មជាតិ ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាស្តីពីការពង្រឹងលើកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ដែលបង្កើតឱ្យមានការជជែកគ្នាដោះស្រាយលើបញ្ហាប្រឈមនានា ដែលកើតមាននៅខេត្តក្រចេះ លើការប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងធនធានធម្មជាតិ នៅកម្ពុជា។ ឯកឧត្តមកិត្តិបណ្ឌិត បានលើកឡើងអំពីចំណុចអទិភាពដែលអាជ្ញាធរខេត្តត្រូវពង្រឹងការងារលើការគ្រប់គ្រងសំណល់រឹង សំរាម និងលូ នៅតាមទីក្រុង និងទីប្រជុំជន ឱ្យបានល្អ ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋមានអនាម័យ មានសុខភាពល្អ និងមានសោភ័ណ្ឌភាព ដោយបានសហការជាមួយមន្រ្តីជំនាញបរិស្ថានលើការងារបច្ចេកទេស និងការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិផ្សេងៗឱ្យមានប្រសិទ្ឋភាព។ ឯកឧត្តមកិត្តិបណ្ឌិត ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្រ្តីក្រសួងបរិស្ថាន សហការគ្នាល្អថែមទៀត ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជាពិសេសទប់ស្កាត់ការកាប់ទន្ទ្រានដីតំបន់ការពារធម្មជាតិជាកម្មសិទ្ឋ ។
សូមបញ្ជាក់ថា ខេត្តក្រចេះ មានតំបន់ការពារធម្មជាតិចំនួន៦កន្លែង ដែលមានផ្ទៃដីសរុបចំនួន ៤០៤ ០៥៩ ហិចតា ស្ថិតក្នុងស្រុកចំនួន៣ គឺស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល ដែលក្នុងនោះមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ និងតំបន់របៀងអភិរក្សជីវៈចម្រុះ ។ អាជ្ញាធរខេត្តក្រចេះ ក៏បានរៀបចំឱ្យមានទីតាំងចាក់សម្រាមចំនួន០២កន្លែងផងដែរ សម្រាប់គ្រប់គ្រងការបញ្ចេញសម្រាមពីក្រុងក្រចេះ និងទីប្រជុំជន់នៅក្បែរក្រុងក្រចេះ៕