ឯកឧត្តម សុខ ឥសាន ថា ពួកឧទ្ទាមក្រៅច្បាប់ ដែលកំពុងភៀសខ្លួន នៅឯនាយសមុទ្រ បាននិងកំពុងបែកបាក់គ្នា យ៉ាងស្រួចស្រាវ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី៣ ខែមីនា នេះ អះអាងថាក្រុមប្រឆាំង បាននិងកំពុងតែបែកបាក់ និងជ្រួលច្របល់ ដោយសារតែមេបក្សខ្លួន បានប្រកាសមិនចូល​ ស្រុកតាមសន្យា និងភ្នាល់នោះទេ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម យ៉ាងដូច្នេះថា ពួកឧទ្ទាមក្រៅច្បាប់ ដែលកំពុងភៀសខ្លួន នៅឯនាយសមុទ្រ បាននិងកំពុងបែកបាក់គ្នា យ៉ាងស្រួចស្រាវ និងកំពុងជ្រួលច្របល់ យ៉ាងខ្លាំង ដោយសារអ្នកខ្លះ ចង់ទៅទទួលលោក ប្រធានកំសាក តែទណ្ឌិតប្រធាន មិនហ៊ានចូលស្រុក។

អ្នកនាំពាក្យ គណបក្សកាន់អំណាច បញ្ជាក់ថា« អ្នកខ្លះកំពុងត្រៀម ខ្លួនដាក់ ពាក្យសុំទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ អ្នកខ្លះកំពុង អត់លុយហូបបាយ នៅបរទេសចង់វិលចូលស្រុកវិញ តែនៅអល់អែកក្នុងចិត្ត អ្នកខ្លះនៅដើររៃអង្គាសលុយ កាក់ឲ្យបានគ្រប់ ៣០ម៉ឺនដុល្លារ តាមផែនការ ខ្លះទៅដើរញុះញង់ ប្រជាជននិងកងទ័ព ឲ្យបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា តែរង់ចាំមិនឃើញអ្នកណា ងើបឡើងសោះ ។

ឯកឧត្តមបន្តថា លោកប្រធាន(សម រង្ស៊ី)នៅតែស្រែកថាខ្លាំងៗ រហូតដល់ដល់ បែកបាក់គ្នាខ្ទេចខ្ទីអស់គ្មានសល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស រហូតមកដល់ធ្វើជា គ្រូទាយប្រឌិតរឿងចង់ឲ្យដៃគូប្រកួត ស្លាប់។ តែគួរឲ្យចង់ឲ្យអស់សំណើចណាស់ ពួកឧទ្ទាមក្រៅច្បាប់ កំពុងត្រដរខ្យល់ ឈានទៅងាប់តៃហោង នាពេលឆាប់ៗ ខាងមុខនេះហើយ នៅតែក្រអឺតក្រទមទៀត ដើម្បីបិទបាំង ការបរាជ័យរបស់ខ្លួន ៕