សម្តេចប្រធានរដ្ឋសភា៖ ៨មីនា ជាទិវាផ្តល់កិត្តិយសចំពោះស្នាដៃស្ត្រី និង ជាថ្ងៃដែលយើងទាំងអស់គ្នាលើកតម្កើងតម្លៃ ឋានៈ តួនាទី និងសិទ្ធិស្ត្រីកម្ពុជា


ក្នុងការអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ថ្ងៃទី ៨មីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្រ្តីចម្រុះវិស័យមានមន្រ្តីរាជការ វិស័យឯកជន និងសង្គមស៊ីវិល ដឹកនាំដោយលោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ការជួបជុំគ្នានៅពេលនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យដើម្បីរំលឹកឡើងវិញ នូវស្នាដៃដ៏មហិមារបស់ស្រ្តីនានា លើពិភពលោក ក្នុងនោះក៏មានស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូដើម្បី បុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសៗ ត្រូវតែបន្តជំរុញនិងលើក តម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិ របស់ស្ត្រីកម្ពុជាយើងឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។

ទិវាអន្តរជាតិនារីនៅឆ្នាំនេះបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”។ ការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជាដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ប្រកបដោយគុណសម្បត្តិដ៏ថ្លៃថ្លាគឺជាអាទិភាពចំបង ដែលពេលនេះកម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្ត ចំពោះស្ត្រីដែលជាកម្មការិនី និងជាពិសេសសម្រាប់អ្នកមានផ្ទៃពោះ ដោយបានផ្តល់ការឈប់សម្រាករយៈពេល៣ខែ ក្នុងរយៈពេលសម្រាលកូន និងទទួលបានប្រាក់ខែ ១២០% ទៀតផង។

ទាក់ទងនឹងវិស័យអប់រំវិញ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជំរុញឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានច្រើន ដើម្បីឱ្យធនធានមនុស្សរបស់យើងជាស្ត្រីភេទកាន់តែសំបូរបែបថែមទៀត។ ជាក់ស្តែងក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ សិស្សស្រីបានប្រឡងជាប់ ៦៩.៣៨% កើនជាង ឆ្នាំ២០១៧។

ដោយឡែកចំនួននិស្សិតស្រីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិញក៏កើនឡើងដែរ។ សម្តេចបាន លើកឡើងថារដ្ឋសភាបានខិតខំលើកកម្ពស់សមភាពយេនឌ័រ ជាក់ស្តែងរដ្ឋសភាមានសមាជិកនិងថ្នាក់ដឹកនាំកំពូលជាស្រ្តីផងដែរគឺលោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុរបស់ស្រ្តី តាមរយៈការងារនីតិកម្មដែលជាការងារស្នូលរបស់ស្ថាប័នក្នុងការបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅការពារនិងលើកកម្ពស់សិទ្ធរបស់ស្រ្តីនិងក្មេងស្រីក្នុងគ្រប់វិស័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលរបស់ក្រសួងកិច្ចការនារី
គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទី របស់ស្រ្តីកម្ពុជា។

ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បី «កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» និងផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី។

សម្តេចប្រធានរដ្ឋសភាលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារីបន្តនិងជំរុញការអនុវត្តគោលនយោបាយជាតិខាងលើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល៕