ឯកឧត្តម ផៃ ស៊ីផាន ថា ខេត្តព្រះសីហនុ នឹងក្លាយជាសិង្ហបុរីទី២


ភ្នំពេញ ៖ ដោយសារមើលឃើញ ពីការអភិវឌ្ឍ មិនឈប់ឈរនៅ ខេត្តព្រះសីហនុ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា នឹងមិនយូរទៀតទេ ខេត្តដែលជាតំបន់សេដ្ឋកិច្ច របស់កម្ពុជាមួយនេះ នឹងក្លាយទៅជាប្រទេសសិង្ហបុរីទី២ ។

ការអះអាងរបស់ឯកឧត្តម ផៃ ស៊ីផាន ថា ជាសិង្ហបុរីទី២នេះ ដោយសារខេត្តនេះ សំបូរទៅដោយតំបន់ទេសចេណ៍ ដូចជា កាស៊ីណូជាដើម ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលសម្រេចបាន នៃអង្គសិក្ខាសាលាស្ដីពី “អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយស ខេត្ត-ក្រុង រួមជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យ ឯកភាព និងមោទកភាពនៃជាតិរស់ឡើងវិញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ថា “កំពង់សោម មិនមែនគ្រាន់តែជាទិសដៅ ទេសចរណ៍ប៉ុណ្ណោះទេ តែជាឧស្សាហកម្មទេសចរណ៍ ដូចជា កន្លែងកំសាន្ត រួមមាន កាស៊ីណូ ដូច្នេះតំបន់ហ្នឹងក្លាយទៅជាសាំងកាពួរ…។ មិនយូរទេ នឹងក្លាយទៅជាសាំងកាពួរ” ។

ឯកឧត្តមថា នៅខ្មែរមានតំបន់ប្រាង្គប្រាសាទជាច្រើន ប៉ុន្តែនៅសិង្ហបុរីអត់មានទេ តែប្រទេសគេនេះមានអគារជាលក្ខណៈទំនើបៗ ជាច្រើនៗ។

ឯកឧត្តម ផៃ ស៊ីផាន បន្តថា នៅសិង្ហបុរី បានបង្កើតតំបន់ទេសចរណ៍បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេស ចរណ៍អន្តរជាតិ ។ ក្នុងនោះកាស៊ីណូក៏មានផងដែរ៕