អន្តរក្រសួងបើកកិច្ចប្រជុំការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យកសិ-ឧស្សាហកម្មដាំ (ដំណាំកៅស៊ូ ក្នុងស្រុកស្នួល ខេត្តក្រចេះ


នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យកសិ-ឧស្សាហកម្មដាំ (ដំណាំកៅស៊ូ) លើផ្ទៃដីទំហំ ២.៥៤៩,៦០ហិកតា ក្នុងភូមិសាស្រ្តឃុំដំរីផុង ស្រុកឆ្លូង និងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ដូវទៀង-ខេមបូឌា រ៉ាប់ប៊ើរ ឌីវេឡុបមេន ខមភេនី លីមីធីត ដែល បានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អធីអិម ហ្គ្រីន ខនសាល់ធេនស៊ី ឯ.ក។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) រដ្ឋបាលខេត្តក្រចេះ តំណាងអង្គការសង្គមស៊ីវិល តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។
បន្ទាប់ពីមានការជជែក និងពិភាក្សាគ្នា កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖
១.គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ព្រោះបានលើកស្ទួយសេដ្ឋកិច្ចជាតិ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ
២.រៀបចំផែនការគ្រប់គ្រង និងប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មតាមបរិមាណ និងបច្ចេកទេសដែលអនុញ្ញាតដោយក្រសួងជំនាញ
៣.ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេស សំណល់បាវជីគីមី ដបថ្នាំកសិកម្ម និងថង់ប្លាស្ទិក ជាដើម
៤.ក្រុមហ៊ុនត្រូវចូលរួមការពារព្រៃឈើរក្សាទូកតាមមាត់អូរ និងត្រូវដាំដើមឈើឡើងវិញក្នុងករណីក្រុមហ៊ុនមានការឈូសឆាយបំពាន
៥.ក្រុមហ៊ុនត្រូវចូលរួមថែរក្សាការពារប្រព័ន្ធអូរធម្មជាតិ និងគុណភាពទឹកអូរនៅក្នុងតំបន់គម្រោង
៦.ក្រុមហ៊ុនត្រូវសហការល្អជាមួយអាជ្ញាធរ និងចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន៕