ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអនុញាតិឱ្យគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងសវនាការការងារ


នៅវិមានរដ្ឋសភា ព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម សាយថុង កែវឌួងឌី ប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាឡាវ ចូលជួបសម្តែងការគួរសម និងសវនាការការងារ ។
ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចឯកឧត្តមបណ្ឌិតផ្ទាល់ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះគណៈប្រតិភូឡាវ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម សាយថុង កែវឌួងឌី បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការដឹកនាំគណៈប្រតិភូរដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពអរគុណចំពោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលបានទទួលបដិសណ្ឋារកិច្ចប្រកប ដោយភាពកក់ក្តៅ និងបាននាំមកនូវការសួរសុខទុក្ខពីសំណាក់ លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ។
ឯកឧត្តម ប្រធានគណៈប្រតិភូ ក៏បានមានប្រសាសន៍កោតសរសើរចំពោះរដ្ឋសភា និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍន៍ និងការពារបាននូវផល ប្រយោជន៍ជូនប្រជាជន ។ ឯកឧត្តម ក៏បានមានប្រសាសន៍លើកឡើង ពីទំនាក់ទំនង សាមគ្គីភាព និងប្រវត្តិសាស្ត្រដ៏យូរលុង រវាងប្រទេសទាំងពីរ ពិសេសក្នុងសង្គ្រាមដើម្បីឯករាជ្យ និងសន្តិភាព ជូនប្រទេស និងប្រជាជនយើងទាំងពីរ ។
ឆ្លើយតបវិញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍អរគុណចំពោះការលើក ឡើងយ៉ាងក្បោះក្បាយរបស់ ឯកឧត្តម សាយថុង កែវឌួងឌី និងបានបញ្ជាក់ជូនថា រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦នេះ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ដែលមានសមាជិកសរុបចំនួន ១២៥រូប ក្នុងនោះស្ត្រី មានចំនួន ២៥រូប ហើយគិតចាប់តាំងពីអាណត្តិទី១ រហូតមកដល់អាណត្តិទី៦នេះ រដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា អនុម័តច្បាប់បានចំនួន៥២៣ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន ។
ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញមានប្រសាសន៍បញ្ជាក់ជូន អំពីទំនាក់ទំនងរវាងរដ្ឋសភា កម្ពុជា និងរដ្ឋសភាឡាវ គឺថាបានសហការគ្នាយ៉ាងល្អ ទាំងក្នុងក្របខណ្ឌពហុភាគី និងក្របខណ្ឌ ទ្វេភាគី ។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូផងដែរថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សំរាប់អាណត្តិទី៣ ដែលជាការបោះឆ្នោតអសកល ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែង គឺ បញ្ជាក់អំពីដំណើរវិវត្តយ៉ាងល្អ នៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ជូនពរដល់គណៈប្រតិភូ ឱ្យទទួលបានជោគជ័យ និង សុវត្ថិភាពក្នុងដំណើរបំពេញបេសកកម្មនេះ ។