អភិបាលខេត្តរតនគិរី បានអនុញ្ញាតអោយនិស្សិតអាហារូបករណ៍ខ្មែរនៃសាកលវិទ្យាល័យ Guangxi Normal University for Nationalities ចំនួន១២នាក់ ចូលជួបសំណេះសំណាល និងសំដែងការគួរសម


នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃបញ្ចប់នៃទស្សនកិច្ចនៅទីក្រុងឆុងជ័រនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាសមាជិកអចិន្រ្តៃយ៍ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីបានអនុញ្ញាតអោយនិស្សិតអាហារូបករណ៍ខ្មែរនៃសាកលវិទ្យាល័យ Guangxi Normal University for Nationalities ចំនួន១២នាក់ ដឹកនាំដោយលោក Wei Yongheng នាយកសាកលវិទ្យាល័យចូលជួបសំណេះសំណាល និងសំដែងការគួរសមនៅសណ្ឋាគារឆុងជ័រអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានកោតសសើរចំពោះការសំដែងរបស់ក្រុមនិស្សិតក្នុងពិធីបុណ្យវប្បធម៌ និងទេសចរណ៍អន្តរជាតិទីក្រុងឆុងជ័រ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ Der Tian កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៩ ដែលវាជាមោទនភាពមួយ ក៏ដូចជាការនាំយកនូវវប្បធម៌ប្រពៃណីខ្មែរមកបង្ហាញអោយអ្នកទស្សនានៅក្រៅប្រទេសបានស្គាល់ ដែលវាជាដួងព្រលឹងរបស់ខ្មែរយើង។

តាងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតាងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំផ្ញើរនូវក្តីនឹករលឹក និងសួរសុខទុក្ខ ក៏ដូចជាលើកទឹកចិត្តអោយប្អូនៗនិស្សិតដែលកំពុងសិក្សានៅទីក្រុងឆុងជ័រខិតខំរៀនសូត្រ និងចេះសាមគ្គីភាពគ្នា ហើយឯកឧត្តមបានបន្ថែមថាដើម្បីអបអរឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ ឯកឧត្តមសំណូមពរអោយក្រុមនិស្សិតរៀបចំជាកម្មវិធីជាលក្ខណៈប្រពៃណីអបអរសាទរនៅក្នុងសាកលវិទ្យាល័យ ហើយជាចុងបញ្ចប់ឯកឧត្តម និងគណៈប្រតិភូអមដំណើរបានឧបត្ថម្ភនូវថវិការផ្ទាល់ខ្លួនមួយចំនួន ក្នុងនោះថវិកាសំរាប់ត្រៀមរៀបចំសង្រ្កាន្តនាពេលខាងមុខផងដែរ៕